(កំពង់ឆ្នាំង)៖ មន្ត្រីនគរបាលម្នាក់ ត្រូវបានអ្នកផឹកស៊ី មួយក្រុមព្រួតគ្នាវាយនឹងបំពង់ទីប បណ្ដាលឲ្យបាក់ជើងម្ខាង ខណៈចូលទៅឃាត់ពួកគេកំពុងមានជម្លោះជាមួយគ្នា។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១១៖១៥នាទី ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។

នគរបាលក្រុងកំពង់ឆ្នាំង ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា មន្ត្រីនគបាល ដែលត្រូវបានក្រុមអ្នកផឹកស៊ីស្រវឹង ព្រួតគ្នាវ៉ៃបណ្តាលឲ្យបាក់ជើងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ សួស សារី ឋានន្តរស័ក អនុសេនីយ៍ត្រី ជាមន្ត្រីនគរបាលប៉ុស្ដិ៍ រដ្ឋបាលសង្កាត់ខ្សាម។

អធិការនគរបាលក្រុងកំពង់ឆ្នាំង លោកវរៈសេនីយ៍ឯក ឆាយ ខែមរត្ន័ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមហ្វូងអ្នកផឹកស៊ីខាងលើ បាននាំគ្នាផឹកស៊ីស្រវឹង និងមានការទាស់ពាក្យសម្តីគ្នា ក្នុងហ្វូងផឹកស៊ី ភ្លាមនោះ មន្ត្រីរូបនេះ បានចូលទៅឃាត់ នៅពេលនោះជនដៃដល់ ក៏បានយកបំពង់ទីប វ៉ៃទៅលើភាគីម្ខាងទៀត ដែលផឹកស៊ីជាមួយគ្នា តែមិនត្រូវ បែរជាមកត្រូវមន្ត្រីនគរបាល ដែលចូលទៅឃាត់ បណ្តាលឲ្យបាក់ជើងខាងស្តាំតែម្តង។

ក្រោយពេលកើតហេតុ ជនសង្ស័យ ក្នុងអំពើហិង្សាខាងលើ និងអ្នកផឹកស៊ីជាមួយម្នាក់ទៀត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗដែរ។ ជនទាំងពីរនាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ១៖ ឈ្មោះ ពៅ ប៉ុន ភេទ ប្រុស អាយុ២៩ឆ្នាំ និងទី២៖ ឈ្មោះ រ៉េត សារ៉ន អាយុ២៩ឆ្នាំ អ្នកទាំង២ រស់នៅក្នុងភូមិទី៦ សង្កាត់ខ្សាម ក្រុង-ខេត្តកំពង់ឆ្នាំង។

ដោយឡែក ជនដៃដល់ក្នុងអំពើហិង្សាខាងលើ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាន នគរបាលក្រុងកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនបន្តទៅស្នងការដ្ឋាន នគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី។ ក្រោយពេលកើតហេតុ មន្ត្រីនគរបាលដែលរងរបួស ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងផងដែរ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនមន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលខ្សាម ដែលរងរបួស ដោយសារក្រុមហ្វូងអ្នកផឹកស៊ីវាយឲ្យបាក់ជើងខាងលើនេះ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង។

អំណោយ ដែលត្រូវបាននាំយកទៅប្រគល់ជូន ជនរងគ្រោះខាងលើនេះ រួមមានសម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ រួមទាំងថវិកាចំនួន១លានរៀល និង២០០ដុល្លារផ្សេងទៀតផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ ខូវ លី ក៏បានធ្វើការផ្តាំផ្ញើ ដល់លោក សួស សារី ក៏ដូចជាក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់មើល ថែទាំអ្នកជំងឺ ដើម្បីឲ្យមានសុខភាពល្អ ដោយអនុវត្តតាមវិជ្ជបញ្ជា របស់ក្រុមគ្រូពេទ្យ និងបានឆាប់ជាសៈស្បើយ ដើម្បីបានបំពេញ ការងារជាបន្តទៀត៕