(រតនគិរី)៖ ថ្ងៃចូលឆ្នាំចិន-វៀតណាម-កូរ៉េ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ឆ្នាំ២០២០ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនា និងដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា លើទឹកដីខេត្តរតនគិរី មានចំនួន១៧,៨៩០នាក់ ប៉ុន្ដែចំនួននេះមានការធ្លាក់ចុះ ៣.៦២ភាគរយ បើប្រៀបធៀបឆ្នាំ២០១៩ មានភ្ញៀវសរុប១៨,៥៦២នាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានឲ្យដឹងថា មូលហេតុ នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរឆ្នាំនេះ គឺដោយសារភ្ញៀវភាគច្រើន បានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ និងខេត្តសៀមរាបវិញ បន្ទាប់ពីខេត្តទាំង២នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តារឡើងវិញ វិស័យទេសចរណ៍មានភាពល្អប្រសើរឡើងវិញ។

តែទោះយ៉ាងណា លោកនៅតែមានសុទិដ្ឋិនិយមថា បើទោះបីជាចំនួនភ្ញៀវមានការធ្លាក់ចុះបន្តិចបន្តួចក្តី យើងសង្កេតឃើញនៅកន្លែងរមណីដ្ឋានធម្មជាតិ មួយចំនួនដូចជា បឹងយក្ខឡោម, ទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង, ទឹកធ្លាក់៧ជាន់អូរស៉ិនលែ និងរមណីដ្ឋានបឹងលំគុដជាដើម ប្រជាពលរដ្ឋខ្មែរដែលមួយចំនួន ជាប់សែស្រឡាយចិន មកពីទីជិតឆ្ងាយ និងភ្ញៀវអន្តរជាតិបាននាំគ្នា បានទៅលេងកម្សាន្តនៅតំបន់ទាំងនោះ ក្នុងមនោសញ្ចេតនាសប្បាយរីករាយយ៉ាងក្រៃលែង។

លោក ង៉ែត ពិទូ បញ្ជាក់ថា ខេត្តរនគិរីដែលមាន លោក ថង សាវុន ជាអភិបាលខេត្ត បានចាត់ទុកសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ គឺជាកាតព្វកិច្ចរបស់មន្រ្តីរាជការគ្រប់ស្ថាប័នដើម្បីបម្រើរាស្រ្ត ក្នុងគោលបំណងរួមចំណែក្នុងការអភិវឌ្ឍខេត្ត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងខេត្តរតនគិរី។

លោកបន្តថា ក្រោមម្លប់នៃសន្តិភាព និងកិច្ចខំប្រឹងប្រែងរបស់លោក ថង សាវុន បានយកចិត្តទុកដាក់អភិវឌ្ឍន៍ខេត្តមួយនេះ មានការីកចម្រើនលើគ្រប់វិស័យ ហើយក្នុងសម័យតេជោនេះ យើងឃើញមានបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ ដែលធ្វើដំណើរតាមរថយន្តក្រុង និងមានរថយន្តទំនើបៗ ទៅទស្សនាតាមតំបន់ អេកូទេសចរណ៍ និងភូមិដ្ឋានសហគមន៍ជានជាតិដើមភាគតិចជាច្រើនកន្លែង ដើម្បីស្វែងយល់ពីវប្បធម៌ប្រពៃណី និងការរស់នៅរបស់ជនជាតិដើមភាគតិច ក្នុងខេត្តភាគឥសាន្តមួយនេះទៀផងដែរ។

លោកអះអាងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យខេត្តរតនគិរី មានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ សំខាន់ គឺវិស័យទេសចរណ៍ដោយមានហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត មានប្រព័ន្ធផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ផ្សាររាត្រី ផ្សារទំនើបជាដើមជាពិសេសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ មានភាពល្អធ្វើឲ្យភ្ញៀវទេសចរមកលេងម្ដងហើយចង់មកលេងម្ដងទៀត។

ដោយឡែក លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពកម្លាំងនគរបាលជាតិ សហការជាមួយកម្លាំងអាវុធហត្ថ និងអង្គភាពពាក់ព័ន្ធ ជួយសម្របសម្រួលពួកគាត់ មិនឲ្យមានបញ្ហាអ្វីមួយកើតឡើងនោះទេ។

រីឯគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណី បណ្តាលឲ្យស្លាប់ម្នាក់, របួសធ្ងន់២នាក់, របួសស្រាលម្នាក់ និងខូចខាតមធ្យោបាយម៉ូតូ៥គ្រឿង និងរថយន្ត១គ្រឿង ក្នុងឱកាសពិធីបុណ្យប្រពៃណីចិន-វៀតណាម រយៈពេល៣ថ្ងៃនេះ នៅខេត្តរតនគិរី៕