(ភ្នំពេញ)៖ សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ប្រាប់ដល់និស្សិតកម្ពុជាដែលកំពុងស្នាក់នៅប្រទេសចិនទាំងអស់ បន្ដគោរពតាមការណែនាំរបស់សាលា និងអាជ្ញាធរចិន ជាពិសេសបន្ដភាពអត់ធ្មត់ តាមដាន និងថែរក្សាសុខភាពឲ្យបានល្អ ដើម្បីទប់ស្កាត់ និងបង្ការជំងឺរលាកសួត ដែលបង្កដោយវីរុសកូរ៉ូណា។

តាមរយៈសេចក្ដីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ក៏បានក្រើនរំលឹក និងណែនាំឲ្យនិស្សិត ត្រូវសម្អាតដៃនឹងសាប៊ូ ឬទឹកអាកុលជាប្រចាំ ញាំម្ហូបអាហារដែលចម្អិតឆ្អិនគ្រប់ពេលវេលា បិទច្រមុះ និងមាត់ពេលក្អក ឬកណ្ដាស់ នៅឆ្ងាយពីអ្នកដែលមាន អការៈគ្រុនផ្ដាសាយ កុំនៅជិតសត្វពាហានៈ និងពាក់ម៉ាសជាប្រចាំ។

ក្នុងករណីមានអការៈដូចជា ផ្ដាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្ដៅខ្លួនខុសប្លែកពីធម្មតា ត្រូវធ្វើការទាក់ទងទៅរដ្ឋបាលសាលា អាជ្ញាធរចិន និងក្រុមការងារសមាគម ឬតំណាងនិស្សិតកម្ពុជាប្រចាំរដ្ឋធានី-ខេត្ត-ក្រុង ដែលខ្លួនកំពុងស្នាក់នៅ។

សូមបញ្ជាក់ថា យោងតាមសារព័ត៌មានរបស់ចិន និងបណ្តាញព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា វីរុសផ្លូវដង្ហើម បានសម្លាប់មនុស្សកើនដល់ ៥៦នាក់ហើយ ចំណែកអ្នកឆ្លងវិរុសនេះ បានកើនឡើងគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងរហូតដល់១៩៨៥នាក់ បន្ទាប់ពីបានរកឃើញ ករណីវិរុសឆ្លងថ្មីៗរាប់រយនាក់ទៀត នៅតាមបណ្តាទីក្រុងធំៗរបស់ចិន៕