(សៀមរាប)៖ លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានដឹកនាំរៀបចំពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា ដែលជាពិធីបុណ្យទំនៀមទម្លាប់មួយ ក្នុងចំណោមបេតិកភណ្ឌអរូបី ជាច្រើនរបស់អ្នករស់នៅក្នុងតំបន់អង្គរ។ ជាក់ស្តែងនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋរស់នៅភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង បានបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតមកដល់បច្ចុប្បន្ននេះ។

អភិបាលស្រុកប្រាសាទបាគង បានលើកឡើងថា ប្រទេសជាតិយើង មានសុខសន្តិភាព សំបូរសប្បាយ រីឯឱកាសក៏មានកាន់តែច្រើន ជាពិសេសបងប្អូនក៏មានជម្រើសច្រើន ក្នុងការធ្វើឲ្យជីវិតរស់នៅមានសេចក្តីសុខ មានការរីកចម្រើន និងមានសុភមង្គល ហើយឆ្លៀតយកឱកាសកម្សាន្ដសប្បាយ ជួបជុំគ្រួសារ ធ្វើឲ្យជីវិតកាន់តែស្រស់ថ្លាផងដែរ។

លើសពីនេះ លោក សូរ ប្លាតុង ក៏បានជូនពរបងប្អូនប្រជាពលរដ្ឋ ជួបតែសំណាងល្អក្នុងថ្ងៃចូលឆ្នាំចិន ជោគជ័យការងារ គ្រប់ភារកិច្ច និងសូមអរគុណ សន្តិភាព ដែលផ្តល់ឪកាសឲ្យយើងខ្ញុំប្រារព្ធពិធីបុណ្យចូលឆ្នាំ និងបុណ្យសាសនាតូចធំ ទៅតាមជំនឿទំនៀមទម្លាប់ប្រពៃណី ដោយគ្មានការបារម្ភភ័យខ្លាច៕