(កោះកុង)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករ បាននិងកំពុងនាំគ្នាសម្រុកទៅដើរលេងកម្សាន្ដ នៅព្រំដែនកម្ពុជា-ថៃ ផ្សារហាលិក ជាប់ព្រំដែនច្រកចាំយាម ខេត្តកោះកុង ជាមួយខេត្តត្រាត ប្រទេសថៃ ដើម្បីទិញទំនិញ និងដើរលេងក្នុងផ្សារ ហើយក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ ពីមន្ដ្រីនគរបាលអន្ដោប្រវេសន៍ច្រកទ្វារចាំយាមបានយ៉ាងល្អ។

ជាមួយគ្នានេះ អាជីវករនៅផ្សារហាលិក បានបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននេះ មានប្រជាពលរដ្ឋជាច្រើនទាំងខ្មែរ និងថៃ ខណៈដែលតូបភាគច្រើននៅក្នុងផ្សារជាប្រជាពលរដ្ឋខ្មែរ ជួលពីថៃ ដែលមានតម្លៃចាប់ពី៣០០ដុល្លារឡើងទៅ។

ដោយឡែក សម្រាប់ប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចូលទៅប្រទេសថៃ តាមរយៈលិខិតឆ្លងដែន ហាក់ចំណាយពេលច្រើន ដើម្បីឲ្យភាគីថៃវៃត្រានៅលើលិខិតឆ្លងដែន ចន្លោះពី១ម៉ោងកន្លះ ទៅ២ម៉ោង ដោយសារតែមានភ្ញៀវទេសចរចេញចូលច្រើន។

បន្ថែមពីនេះ ប្រជាពលរដ្ឋខ្មែរដែលកំពុងឈរចាំការវៃត្រានៅលើលិខិតឆ្លងដែន ចូលទៅប្រទេសថៃ បានបញ្ជាក់ថា ភាគច្រើនពួកគាត់ឆ្លងទៅលេងនៅស្រុកខ្លងរ៉ៃ ខេត្តត្រាត ព្រោះនៅទីនោះមានតំបន់កម្សាន្ដជាច្រើន។ ប៉ុន្ដែទន្ទឹមគ្នានេះ ពួកគាត់ក៏បង្ហាញការព្រួយបារម្ភអំពីជំងឺរលាកសួតធ្ងន់ធ្ងរ ដែលបង្កឡើងដោយរ៉ីរុសកូរ៉ូណាថ្មីផងដែរ។

លើសពីនេះ មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ប្រចាំការនៅច្រកទ្វារចាំយាម ក៏បានអះអាងដូចគ្នាដែរថា ក្នុងរយៈពេល២ថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើនសម្រុកចូលទៅលេងនៅប្រទេសថៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ខណៈដែលស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបានធានាយ៉ាងល្អប្រសើរ៕