(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ (២៤-២៥ ខែមករា) ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំចិន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានបណ្ដាលឱ្យមនុស្សចំនួន ២៦នាក់ ស្លាប់បាត់បង់ជីវិត ខណៈមនុស្ស ៣៩នាក់ទៀត បានរងរបួសធ្ងន់-ស្រាល។ នេះបើតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស របស់អគ្គស្នងការនគរបាលជាតិ។

របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី២៤ ខែមករា ម្សិលមិញ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ១៣លើក ក្នុងនោះបានបណ្ដាលឱ្យមនុស្សចំនួន ១២នាក់ ស្លាប់បាត់បង់ជីវិត ចំណែក១៧នាក់ទៀតបានរងរបួសធ្ងន់-ស្រាល។

រីឯនៅថ្ងៃទី២៥ ខែមករានេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងចំនួន ២២លើក ក្នុងនោះបានបណ្ដាលឱ្យមនុស្សចំនួន ១៤នាក់ បានស្លាប់បាត់បង់ជីវិត ចំណែក២២នាក់ទៀតបានរងរបួសធ្ងន់-ស្រាល៕