(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែលលោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានផ្តល់គោរមងារជា «សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន», សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមផ្ញើសារលិខិតអបអរសាទរដោយសម្តែងនូវសមានចិត្តអបអរសាទរប្រកបដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការ ជូនចំពោះសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន។

នៅក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់យ៉ាងដូច្នេះថា «ក្នុងឱកាសប្រកបដោយសិរីសួស្តីជ័យមង្គលមហាប្រសើរនេះ ខ្ញុំនិងភរិយាសូមសម្តែងនូវការគោរពកោតសរសើរដោយសុទ្ធចិត្តបំផុតជូនចំពោះសម្តេច ដែលជានិច្ចកាលតែងយកកំលាំងកាយ បញ្ញាស្មារតី រួមចំណែកបំរើឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ បរិច្ចាគទ្រព្យធនដោយសទ្ធាជ្រះថ្លាបរិសុទ្ធឧត្តុង្គឧត្តមដើម្បីកសាងអភិវឌ្ឍន៍សង្គមជាតិ និងជាពិសេសក្នុងនាមឧត្តមភរិយា ប្រកបដោយសង្គហធម៌ដ៏ជ្រាលជ្រៅ សម្តេច តែងរួមដំណើរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្ថាបនាសមិទ្ធផលនានាជជាច្រើនឥតគណនាទាំងខាងវិស័យពុទ្ធចក្រ និងអាណាចក្រដោយសប្បុរសធម៌ និងមនុស្សធម៌ដ៏ខ្ពង់ខ្ពស់វិសេសវិសាលក្រៃលែងទៀត»

សម្តេចតេជោ ហ៊ុន សែន សូមវន្ទាឧទ្ធិសដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោកជាអាទិ៍ គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី ព្រមទាំងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា សូមលោកបន្តអភិបាលគ្រងរក្សា ប្រោះព្រំពរជ័យជូន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងបុត្រា បុត្រី ចៅ ចៅទួត ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕