(ព្រះសីហនុ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងខណៈបុគ្គលិកនៅកាស៊ីណូប៉ឡាយ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ កំពុងធ្វើពិធីជប់លៀងសម្រាប់ចូលឆ្នាំប្រពៃណីចិន ស្រាប់តែមានបុរសជនជាតិខ្មែរម្នាក់កាន់កាំភ្លើង ១ដើម ដើរគំរាមបុគ្គលិកទាំងអស់ បង្កឱ្យមានភាពចលាចលព្រលឹងចុងសក់ពេញកាស៊ីណូ។

ហេតុការណ៍នេះកើតឡើងនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ នេះបើតាមការបញ្ជាក់របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

 បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងកើតហេតុ រួចឃាត់ខ្លួនបានជនសង្ស័យ ១នាក់ និងកាំភ្លើង ១ដើម យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

ជនរងគ្រោះមានចំនួន ២នាក់ មានឈ្មោះ សេង កុសល់ អាយុ២៣ឆ្នាំ មុខរបរសន្តិសុខនៅក្នុងកាស៊ីណូប៉ឡាយ ស្នាក់នៅកាស៊ីណូប៉ឡាយ និងឈ្មោះ នឹម ដាវិន អាយុ៥១ឆ្នាំ មុខរបរអ្នកគ្រប់គ្រងរថយន្ត (តំណាងកាស៊ីណូប៉ឡាយ) មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ប៉ុន្តែពួកគេទាំងពីរនាក់គ្មានការងរបួសនោះឡើយ។

ចំណែកឯជនសង្ស័យមានឈ្មោះ គុណ ពិសិដ្ឋ អាយុ៣០ឆ្នាំ មុខរបរសន្តិសុខនៅកាស៊ីណូប៉ឡាយជាមួយគ្នា។

វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបាន រួមមានកាំភ្លើងខ្លី ១ដើម ម៉ាក K54 ពណ៌ស មានលេខសម្គាល់ 080463 បង់កាំភ្លើង ១ គ្រាប់កាំភ្លើង ៧គ្រាប់ ស្រោមកាំភ្លើង ១ ទូរស័ព្ទដៃ ១គ្រឿង ម៉ាកអិនចុចពិល ឆ្នាំងសាកទូរស័ព្ទ ១ ដែកកេះ ១ ប្រាក់ ១២,០០០រៀល និង ១៦ដុល្លារ។

មូលហេតុដែលនាំឱ្យកើតករណីនេះ ដោយសារជនសង្ស័យផឹកស្រាស្រវឹងក៏កើតមានការទាស់ពាក្យសម្តីគ្នា ចំពោះកាំភ្លើងនេះគ្មានលិខិតស្នាមអ្វីទាំងអស់។ ករណីនេះកំពុងបន្តនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕