(ភ្នំពេញ)៖ នៅក្នុងសង្គមខ្មែរ បើនិយាយពីបងប្អូនជនជាតិ ដែលរស់នៅលាយទ្បំជាមួយប្រជាពលរដ្ឋខ្មែរ គឺមានច្រើន។ ក្នុងចំណោមបងប្អូនជនជាតិទំាងនេះ គឺបានប្រកាន់នូវជំនឿសាសនា ប្រពៃណី ទំនៀមទម្លាប់រៀងៗខ្លួន ក្នុងនោះ គឺបងប្អូនខ្មែរជាប់សែស្រទ្បាយចិន មានចំនួនច្រើនជាងគេ។

បើហេតុនេះ បើនិយាយអំពីប្រពៃណីទំនៀមទម្លាប់ របស់បងប្អូនជាប់សែស្រទ្បាយចិន តើឥទ្ធិពលបុណ្យចូលឆ្នាំចិន ប៉ះពាល់ដល់ប្រពៃណីខ្មែរឬទេ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងដោយមើលឃើញថា ក្នុងសង្គមខ្មែរ បើនិយាយពីប្រពៃណីទំនៀមទម្លាប់ របស់បងប្អូនខ្មែរជាប់ខ្សែស្រទ្បាយចិន ពិសេសពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មី ប្រពៃណីចិន ដែលមានតំាងពីបឋមកាលរៀងមក ដែលយើងឃើញមិនថា ខ្មែរជាប់សែស្រទ្បាយចិន ឬកូនចៅចិន ដែលកំពុងរៀបចំប្រារព្វពិធីយ៉ាងអ៊ូរអរសប្បាយរីករាយ ដូចយើងឃើញនេះ គឺពុំប៉ះពាល់ដល់ប្រពៃណីខ្មែរនោះទេ។

ពីព្រោះបងប្អូនខ្មែរជាប់សែស្រទ្បាយចិនទំាងនេះ ពួកគាត់បានសម្របខ្លួនទៅនឹងប្រពៃណីវប្បធម៌ខ្មែរ យ៉ាងប្រពៃអស់ទៅហើយ តែអ្វីដែលពួកគាត់តែងប្រារព្វពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មី ប្រពៃណីចិន យ៉ាងសប្បាយរីករាយ ឬក៏កិច្ចពិធីផ្សេងៗទៀតនោះ គឺគ្រាន់តែជាការរក្សាកិច្ច ពិធីជាប្រពៃណីដើម្បីរំឭកនឹកគុណដល់បុព្វការីជន ជីដូនជីតាម៉ាកុងខ្លួនតែប៉ុណ្ណោះ។

មានន័យថា «ចំពោះបងប្អូនខ្មែរជាប់សែស្រទ្បាយចិន ឬកូនចៅចិនទំាងនេះ នៅក្នុងទស្សនជាតិនិយម សាច់ឈាម បេះដូង ថ្លើម ប្រមាត់របស់ពួកគាត់ បានចាត់ទុកមាតុភុមិខ្មែរជាទឹកដីកំណើតរបស់ខ្លួន»

លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះ បើយើងឈរលើប្រព័ន្ធជំនឿវិញ ចំពោះពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឬកិច្ចពិធីផ្សេងៗទៀតរបស់បងប្អូនជាប់សែស្រទ្បាយចិន ដែលតែងប្រារព្វយ៉ាងអធិកអធម និងប្រកបដោយសេចក្ដីសុខសាន្ដ នៅក្នុងសង្គមនេះ យើងអាចនិយាយបានថា «នេះជាការសំយោគប្រពៃណីរវាងខ្មែរ និងចិន» យ៉ាងប្រពៃបំផុត។ បានសេចក្ដីថា ជាការសំយោគររវាងចិន និងម្ចាស់ស្រុកបង្កើតជាគ្រួសារកូនកាត់ខ្មែរ-ចិន ដោយរក្សានូវអត្ដសញ្ញាណរៀងៗខ្លួន។

បើដូច្នេះឈរលើមូលដ្ឋាននេះ យើងអាចនិយាយបានថា «ខ្មែរជាជាតិសាសន៍មួយ ដែលពូកែសំយោគជំនឿសាសនា ប្រពៃណីទំនៀមទម្លាប់ជាងគេលើលោក»

ចំពោះកត្ដាទំាងអស់នេះ គឺផ្ដើមចេញមកពីរ៖ ទីមួយ៖ មេដឹកនំា ទីពីរ៖ សាសនា និងទីបី៖ ជនជាតិខ្មែរ ជាជាតិសាសន៍មួយ មានភាពញញឹមរួសរាយរាក់ទាក់ ប្រកបដោយមនោសញ្ចេតនា និងការយោគយល់អាស្រ័យគ្នា៕