(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ខាងមុខនេះ ជាថ្ងៃរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅវិមានសន្តិភាព។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងរយៈពេល១ឆ្នាំម្តង ជាយន្តការសន្ទនាមួយ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្ត តំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ ផ្តល់ឱកាសឱ្យផ្នែកឯកជន លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធាន ការសមស្របដើម្បីដោះស្រាយ ហើយរាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនចំនួន១៣ក្រុម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ ដើម្បីចូលរួមសន្ទនាដោះស្រាយបញ្ហាផ្សេងៗ ជាមួយរាជរដ្ឋាភិបាល។

ក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនទាំងនោះរួមមាន៖

ក៖ ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ដែលមានលោកឧកញ៉ា ម៉ុង ឬទ្ធី ជាសហប្រធាន។
ខ៖ ក្រុមការងារផ្នែកទេសចរណ៍ មានលោក លូ ម៉េង ជាសហប្រធាន។
គ៖ ក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា មានលោកឧកញ៉ា តែ តាំងប៉រ ជាសហប្រធាន។
ឃ៖ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដែលមាន លោក ប្រេដតុន ស្ការ៉ូនី ជាសហប្រធាន។
ង៖ ក្រុមការងារផ្នែកសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដែលមានលោក អ៊ិន ចាន់នី ជាសហប្រធាន។
ច៖ ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ មានឧកញ៉ា សូ ងួន ជាសហប្រធាន។
ឆ៖ ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចការសម្រួលពាណិជ្ជកម្ម មានលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ជាសហប្រធាន។
ជ៖ ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលមានលោកឧកញ៉ា ណាង សុធី ជាសហប្រធាន។
ឈ៖ ក្រុមការងារផ្នែកស្រូវអង្ករ មានលោក សុខ ពុទ្ធីវុធ ជាសហប្រធាន។
ញ៖ ក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ មានលោកឧកញ៉ា អ៊ុន យុទ្ធី ជាសហប្រធាន។
ដ៖ ក្រុមការងារផ្នែកអប់រំ មានលោកបណ្ឌិត ហេង វ៉ាន់ដា ជាសហប្រធាន។
ឋ៖ ក្រុមការងារផ្នែកសុខាភិបាល មានលោកឧកញ៉ា តាន់ គឹមម៉េង ជាសហប្រធាន។
ឌ៖ ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ មានលោកឧកញ៉ា លី ហួរ ជាសហប្រធាន៕