(ភ្នំពេញ)៖ ក្នុងឱកាសទេសរដ្ឋមន្រ្តី លី ធុជ បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ទៅជូនពរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០, លោកឯកអគ្គរដ្ឋទូត បានសន្យាថានឹងចុះសិក្សាស្វែងយល់ អំពីផលប៉ះពាលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជូនចំពោះ ឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាលចិន ដែលតែងតែគាំទ្រ និងសហប្រតិបត្តការគ្រប់ជ្រុងជ្រោយជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំង២ និងការយកចិត្តទុកដាក់ជួយដល់វិស័យសកម្មភាពមីនរបស់រដ្ឋាភិបាលចិនដល់កម្ពុជា ដោយបានផ្តល់នូវថវិកា សម្ភារបរិក្ខា និងការបណ្តុះបណ្តាលធនធានមនុស្សជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតចិន ក៏បានបញ្ជាក់ផងដែរ រដ្ឋាភិបាលចិន នឹងខិតខំបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជា បោសសម្អាតមីន ដែលបានដឹងឲ្យអស់ត្រឹមឆ្នាំ២០២៥ តាមផែនការយុទ្ធសាស្រ្តជាតិវិស័យសកម្មភាពមីន ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនាពេលកន្លងមកនេះ ដើម្បីចូលរួមសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា និងជួយគាំទ្រលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅតាមតំបន់ជនបទ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់មានការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកអគ្គរដ្ឋទូតចិន ក៏បានឯកភាពថា នឹងចុះសិក្សាស្វែងយល់ឲ្យកាន់តែច្បាស់ អំពីផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងផលលំបាកក្នុងការបោសសម្អាតមីនរបស់ប្រតិបត្តករ នៅមូលដ្ឋាននៅពេលសមស្របណាមួយ ដើម្បីរកវិធីសាស្រ្តជួយដល់វិស័យសកម្មភាពមីន នៅកម្ពុជាបន្ថែមទៀត៕