(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ធ្លាប់ជាប់គុក១ឆ្នាំរឿងឆក់ទូរស័ព្ទ ពេលនេះចេញមកវិញនៅតែមិនរាងចាល ជាមួយបក្ខពួកខ្លួនម្នាក់ទៀត បែរជាមកធ្វើសកម្មភាពឆក់កាបូបរបស់ជនបរទេសវិញម្ដង ប៉ុន្តែជាលទ្ធផលជាប់ខ្នោះភ្លាមៗទាំង២នាក់ ដោយកម្លាំងរបស់លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ជាថ្មីម្ដងទៀត ដើម្បីចាត់ការតាមនិតិវិធី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ស្អែកនេះ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ថា ប្រតិបត្តិការដេញតាមបង្ក្រាបចំពោះចោរឆក់កាបូបទាំង២នាក់ ដែលមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហឹង្សាទៅលើជនបរទេសនេះ បានអនុវត្តឡើងជាក់ស្ដែងនាវេលាម៉ោង២១៖១០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចខាងមុខផ្ទះលេខ២១៩ ផ្លូវលេខ៩៣ កែងផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា បញ្ជាក់ទៀតថា មុនឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះដែរ គឺអនុវត្តឡើងបន្ទាប់ពីពួកគេ (ជនសង្ស័យ) ជិះម៉ូតូឌុបគ្នាទៅធ្វើសកម្មភាពឆក់កាបូបពីជនបរទេសបានសម្រេច តាំងពីចំណុចផ្លូវលេខR៦ (ផ្លូវរថភ្លើង) សង្កាត់ស្រះចក ខណ្ឌដូនពេញ តែត្រូវកម្លាំងការិយាល័យជុំនាញ ដេញតាមឡោមព័ទ្ធចាប់ខ្លួនបាន រហូតមកដល់ចំណុចខាងមុខផ្ទះលេខ២១៩ ផ្លូវលេខ៩៣ កែងផ្លូវលេខ២១៧ ភូមិ៥ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា ដោយដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ឆ្នាំផលិត២០២០ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-5580 មួយគ្រឿង, កាបូបស្ពាយ ពណ៌ផ្កាឈូក១, ប្រាក់៨០ដុល្លារ, ទូរសព្ទ័ដៃម៉ាកហូវៃ ពណ៌ទឹកប្រាក់ ដែលមានស៊ីមកាតលេខ (០៩៥៣៧៤២៥៥) លិខិតឆ្លងដែនលេខ E១៨២៤៨៧១២ និងសម្ភារៈមួយចំនួនទៀត។

នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដដែលនេះ បានឲ្យដឹងផងដែរថា ចំពោះជនសង្ស័យដែលតាមបង្ក្រាបបានជាក់ស្ដែង ក្នុងអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ) មានឈ្មោះ ពូន សុទ្ធី ហៅហ្វី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តដឹកសិស្ស ស្នាក់នៅផ្ទះលេខ១២៧ ផ្លូវលេខ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ហែម ចំរើន ហៅសក្តិ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកឥវ៉ាន់អនឡាញ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ឯជនរងគ្រោះវិញជាជនជាតិចិនឈ្មោះ ZHANG YANLING ភេទស្រី អាយុ៤១ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E១៨២៤៨៧១២ ស្នាក់នៅសណ្ឋាគារប៉ាស៊ីហ្វិក ផ្លូវលេខ៩៣ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មានមុខរបរទេសចរណ៍។

សូមជម្រាបថា ក្នុងចំណោមជនសង្ស័យទាំង២នាក់នេះ មានម្នាក់ឈ្មោះ ហែម ចំរើន ហៅសក្តិ ត្រូវបានលោក លី លីមម៉េង ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនម្ដងរួចមកហើយ រយៈពេល១ឆ្នាំ ដោយដាក់ជននេះឲ្យស្ថិតនៅក្រោមការពិនិត្យពីបទលួច ពោលគឺឆក់ទូរស័ព្ទរបស់គេ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៧៨ ក្រុមទី២ ភូមិ១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕