(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ បានបង្ហោះសារជូនពរដល់បងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់ បានសប្បាយរីករាយ ជួបជុំក្រុមគ្រួសារនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រោមដំបូលសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ខណៈពិធីសែនចូលឆ្នាំចិន នឹងចូលមកដល់ថ្ងៃស្អែកនេះ បងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំ នៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយ ដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ស្របពេលដែលពិធីសែនចូលឆ្នាំចិន នឹងចូលមកដល់ថ្ងៃស្អែកទី២៤មករានេះ គឺបងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំ នៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយ ដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា»

តាមរយៈពិធីបុណ្យទានម្តងៗ គឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាន និងកាន់តែមានភាពស្និទ្ធស្នាលរវាងជាតិសាសន៍យើងទូទាំងប្រទេស ដែលកំពុងរស់នៅសុខដុម ក្រោមដំបូលសន្តិភាពជាមួយគ្នា។ សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់បានសប្បាយរីករាយ ជួបជុំក្រុមគ្រួសារនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ។ «អរគុណសន្តិភាព»

សូមជម្រាបថា នៅឆ្នាំ២០២០នេះ ថ្ងៃសែនចូលឆ្នាំចិន ត្រូវចំថ្ងៃសុក្រ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។ សម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ង ចាប់ពីថ្ងៃ១កើត, ថ្ងៃទី១កើត និង៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥, ២៦ និង២៧ ខែមករា ឆ្នាំ២០២០៕