(កំពង់ឆ្នាំង)៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀត បានរងរបួសក្នុងករណីរថយន្តកូរ៉េ បានបុកពេញទំហឹង ខណៈដែលជនរងគ្រោះបានជិះម៉ូតូស៊េរី ២០១៤ មួយគ្រឿងឌុបគ្នា ២នាក់ ធ្វើដំណើរមកពីក្រុងភ្នំពេញ ទៅស្រុកកំណើតនៅក្នុងខេត្តពោធិ៍សាត់ ត្រូវបានរថយន្តកូរ៉េ១គ្រឿង បុកម៉ូតូនៅចំកណ្ដាលទ្រូងផ្លូវ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨៖៥៥នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៨២ និង៨៣ ស្ថិតនៅក្នុងភូមិ ព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បើតាមសមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុករលាប្អៀរ ដែលនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូសេរីឆ្នាំ២០១៤ មួយគ្រឿង បើកបរដោយយុវជន ឈ្មោះ ង៉ុយ ខៀវ អាយុ២៦ឆ្នាំ រស់នៅភូមិមេទឹក ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ឌុបមិត្តភក្កិ១នាក់ទៀត ពីក្រោយ ឈ្មោះ ស៊ន សន អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។

លុះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តកូរ៉េមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-5730 បើកបរ ពីត្បូងទៅជើង បានមកបុកជាមួយនឹងម៉ូតូចំកណ្ដាលទ្រូងផ្លូវពេញទំហ៊ឹងតែម្តងបណ្ដាលឱ្យយុវជនឈ្មោះ ស៊ន សន ជិះពីក្រោយអត់ពាក់មួយកសុវត្តិភាព ដួលធ្លាក់ពីលើម៉ូតូបោកក្បាលផ្ទប់នឹងថ្នល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ចំណែកអ្នកបើកបរម៉ូតូឈ្មោះ ង៉ុយ ខៀវ ពាក់មួយសុវត្តិភាព បានរងរបួសស្រាលត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានទុករថយន្តចោលនៅកន្លែងកើតហេតុហើយបានរត់គេចខ្លួន។ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារ ឱ្យមកទទួលយកទៅធ្វើបុណ្យនៅលំនៅដ្ឋានឯស្រុកកំណើត។ រីឯវត្ថុតាង ជាមធ្យោបាយទាំង២ ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចំណាត់ការទៅតាមនីតិវិធី៕