(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំវេទិកាសាធារណៈស្តីពី គ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០ ដូចរាល់ឆ្នាំកន្លងមក នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីធ្វើការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ ដល់សាធារណជនទូទៅ បានស្វែងយល់លំអិត អំពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០២០បន្ថែមទៀត។

វេទិកាសាធារណៈនេះ គ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ, ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និងយុវជនជាង ២០០នាក់។

គួរបញ្ជាក់ដែរថា ច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ឬច្បាប់ថវិកាឆ្នាំ២០២០ ត្រូវបានរដ្ឋសភាផ្តល់ការអនុម័ត កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៣ នីតិកាលទី៦ និងត្រូវបានព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នាសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៤ ហើយត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/១២១៩/០២៥ ចុះថ្ងៃទី២០ ខែ ធ្នូ ឆ្នាំ២០១៩៕