(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ខេត្ត បានថ្លែងប្រាប់មន្ត្រីសុខាភិបាល ខេត្តស្វាយរៀងថា ត្រូវសហការក្ដាប់នូវមុខសញ្ញា និងខិតខំស្វែងរកប្រភព នៃឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដែលទើបនឹងមានថ្មីៗ ដើម្បីចាត់ការផ្លូវច្បាប់ រួមទាំងបន្តណែនាំ ជំរុញអ្នកប្រកបដែលវិជ្ជាជីវៈសុខាភិបាលថ្មី សូមទៅចុះបញ្ជីវិជ្ជាជីវៈ គណៈជំនាញឲ្យបានគ្រប់គ្នាៗ និងការទទួលខុសត្រូវតាមតួនាទីភារកិច្ច របស់ OD ទាំង៤ ឲ្យបានគ្រប់ជ្រុងជ្រោយ។

ការថ្លែងប្រាប់ ទៅមន្ត្រីសុខាភិបាលខេត្តបែបនេះ ខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

ពិធីនេះ មានការចូលរួមពី លោកព្រះរាជអាជ្ញារង លោកស្នងការរងនគរបាលខេត្ត លោកប្រធានសាខាកាំកុងត្រូលខេត្ត លោកស្រី នាយករងរដ្ឋបាល លោកប្រធានលេខាធិការដ្ឋាន លោកអនុប្រធានលេខាធិការដ្ឋាន លោក-លោកស្រី សមាជិកលេខាធិការដ្ឋាន លោកប្រធានអនុគណៈកម្មាធិការ លុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ទាំង៨ក្រុង-ស្រុក លោកប្រធាន OD ទាំង៤ ។

លោកអភិបាលរងខេត្ត បានថ្លែងបន្តថា មន្ត្រីរបស់យើង ត្រូវធ្វើផែនការសកម្មភាព និងផែនការថវិកា ដើម្បីធានាឲ្យការអនុវត្តការងារ ដំណើរការដោយរលូនណែនាំ ឲ្យរៀបចំការងារបណ្ដុះបណ្ដាល ទៅដល់មន្ត្រីជំនាញ អំពីរបៀបពិនិត្យមើលទិដ្ឋការ អាជ្ញាប័ណ្ណរបស់ក្រសួងសុខាភិបាល នាំចូលត្រឹមត្រូវ នៅតាមបណ្ដាយក្រុង-ស្រុក ទាំង៨ចង្អុល បង្ហាញឲ្យរៀបចំវេនយាមប្រចាំការ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ឲ្យប្រសិទ្ធភាព និងបម្រើសេវាដល់អ្នកជំងឺទាន់ពេលវេលា និងត្រូវចាត់វិធានការប្រកបដោយប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យជាប្រចាំ ដើម្បីឃាត់ទុក បំផ្លាញចោល និងទប់ស្កាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីឈានទៅលុបបំបាត់ជាស្ថាពរ បន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ របស់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។

លោកបានបន្តថា មន្រ្តីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ ត្រូវបន្តអនុវត្ត និងជំរុញវឌ្ឍនភាពនៅក្នុងកម្មវិធីសុខភាពបន្តពូជមាតា ទារក និងកុមារកម្មវិធីប្រយុទ្ធប្រឆាំងជំងឺឆ្លង ជំងឺមិនឆ្លង កម្មវិធីពង្រីក និងពង្រឹងសុខាភិបាល កាន់តែរឹងមាំថែមទៀត ជាពិសេសពង្រឹងគុណភាពថែទាំសុខភាព សមត្ថភាពធ្វើរោគវិនិច្ឆ័យព្យាបាល និងថែទាំជំងឺណា ដែលនៅមិនទាន់ឆ្លើយតប ទៅនឹងសេចក្ដីរំពឹងទុក របស់អ្នកជំងឺនិងអតិថិជននៅឡើយ ទាំងសេវាសាធារណៈ និងឯកជន បន្តពង្រឹងគុណភាព នៃការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពគ្លីនិក ពង្រឹងយន្តការនីតិកម្ម ត្រួតពិនិត្យតាមដានគុណភាពជាប្រចាំ និងពង្រាយបុគ្គលិកជំនាញ ស្របតាមនិយាមបច្ចេកទេសទាំងអស់នេះជាសក្ដានុពល ដល់ការលើកកម្ពស់ គុណភាពនៃការផ្ដល់សេវាសុខភាព។

លោកបានបន្តថា ឈរលើបទពិសោធន៍នៃចំណុចខ្លាំង និងចំណុចខ្សោយ ដែលយើងទទួលបាន ក្នុងការអនុវត្តកន្លងមកមានទំនុកចិត្តថា វិស័យសុខាភិបាលក្នុងខេត្តរបស់យើង នឹងសម្រេចបាននូវសមិទ្ធិផល និងវឌ្ឍនភាពថ្មីៗជាច្រើនថែមទៀត និងជាពិសេសការងារលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ឲ្យសម្រេចបានជោគជ័យ១០០% ៕