(ភ្នំពេញ)៖ អង្គការកុមារអាស៊ី ប្រចាំនៅកម្ពុជា ទទួលបានគ្រឿងឧបភោគបរិភោគ ពីក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន R&F សម្រាប់ជួយទ្រទ្រង់ជីវភាពរបស់កុមារ ដែលរស់នៅក្នុងអង្គការ ដែលធ្វើឡើង នៅក្នុងទីស្នាក់ការកណ្តាល របស់សាលារៀនអង្គការ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

លោក ង៉ែត ណារិន ប្រធានរដ្ឋបាល នៃអង្គការកុមារអាស៊ី ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា លោកមានសេចក្តីសោមនស្សរីករាយបំផុត ដែលបានចូលរួម ក្នុងពិធីចែកអំណោយ របស់ក្រុមហ៊ុន R & F Properties ក្រោមអធិបតីភាព លោកស្រី ហូលីហ្វូនីយេ ប្រធានអង្គការកុមារអាស៊ី ប្រចាំប្រទេសកម្ពុជា ចែកជូនដល់កុមារកូនចិញ្ចឹម នៅមណ្ឌលបុរីកុមារ នៃអង្គការកុមារអាស៊ី។

លោក ង៉ែត ណារិន បានលើកឡើងថា នេះជាលើកទី១ហើយ ដែលក្រុមហ៊ុន R & F Properties បានផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ ដោយរួមមាន៖ អង្ករ, មី, ទឹកបរិសុទ្ធ, គ្រឿងទេស, សម្ភារអនាម័យ គ្រឿងភេសជ្ជៈ និងសម្ភារៈផ្សេងៗទៀតជាដើម ដែលគិតជាទឹកប្រាក់ប្រមាណ ជាង១,៥០០ដុល្លារសហរដ្ឋអាមេរិក។

ក្នុងនាមអង្គការកុមារ អាស៊ីប្រចាំប្រទេសកម្ពុជា និងកូនចិញ្ចឹម លោក ង៉ែត ណារិន សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តមនុស្សធម៌ របស់លោក យូ ក្វាងជី ប្រធានក្រុមហ៊ុន R & F Properties ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រី បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន R & F Properties។

ជាមួយគ្នានោះ លោក ង៉ែត ណារិន សង្ឃឹមថា អង្គការកុមារអាស៊ី និងក្រុមហ៊ុន R & F Properties នឹងបន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរបស់យើង សំរាប់ផលប្រយោជន៍របស់កុមារកម្ពុជា នាពេលអនាគតបន្តទៀត។

លោក យូ រឿងជី ប្រធានក្រុមហ៊ុន R & F Properties បានលើកឡើងថា ក្រុមហ៊ុនលោក បានផ្តល់អំណោយ ដល់កុមារកំព្រានៅអង្គការនេះ ជាលើកដំបូង។ លោកថា សម្ភារៈទាំងនោះអាចជួយទ្រទ្រង់ ជីវភាព របស់កុមារ ដែលរស់នៅក្នុងអង្គការ បានមួយរយៈពេល។ '

លោក យូ រឿងជី បានបន្ថែមទៀតថា ការប្រគល់សម្ភារនេះ ដោយមើលឃើញពីការខ្វះខាតរបស់កុមារ ហើយលោកសង្ឃឹមថា កុមារដែលរស់នៅក្នុងការអង្គការនេះ នឹងខិតខំរៀនសូត្រ ដើម្បីទទួលបានការងារល្អ នៅពេលខាងមុខ ព្រមទាំងចូលរួមអភិវឌ្ឍន៍សង្គម តាមចំណេះជំនាញរបស់ខ្លួន។

លើសពីនោះទៀត ប្រធានក្រុមហ៊ុន រូបនេះ បានឲ្យដឹងផងដែរថា ក្រុមហ៊ុនលោក ក៏មានគម្រោងយកសម្ភារៈឧបភោគបរិភោគ ទៅផ្តល់កុមារក្រីក្រ ក៏ដូចជាចាស់ជរាគ្មានទីពឹងផងដែរ៕