(សៀមរាប)៖ ដើម្បីត្រៀមលក្ខណៈ ទប់ស្កាត់ ការកើតឡើងពីការចម្លង វីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ូណាវីរុស ដែលកំពុងផ្ទុះឡើងនៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ចូលមកកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ដោយមានការចង្អុលបង្ហាញពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង, លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យដោយផ្ទាល់នូវការងារ ការពារនូវនៅតាមច្រកចេញចូលនៅអាកាសយាន្ដដា្ឋនអន្ដរជាតិសៀមរាប ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «មន្ដ្រីក្រុមការងាររបស់យើង បានពង្រឹងការងារយ៉ាងយកចិត្ដទុកដាក់ ទៅតាមលក្ខណៈបច្ចេកទេស ដើម្បីធានានូវការត្រួតពិនិត្យ តាមដានស្ថានភាពអ្នកធ្វើដំណើរមកស្រុកយើងផងដែរ»

រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបន្ដថា ក្រោមការយកចិត្ដទុកដាក់របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក៏បានដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យ ដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ។

លើសពីនោះ ក្រសួងក៏បានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ តាំងពីដើមខែមករាមកម៉្លេះ។ ដូច្នេះហើយ នៅថ្ងៃនេះ «យើងក៏បានចុះមកពិនិត្យនៅមន្ទីរពេទ្យខេត្ដសៀមរាប ដើម្បីការពារក្នុងករណី ប្រសិនបើមាន អ្នកដំណើរតាមជើងហោះហើរណា សង្ស័យមានវីរុសផ្លូវដង្ហើមនេះ»

ក្នុងឱកាសចុះទៅពិនិត្យផ្ទាល់សកម្មភាពបង្ការជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាថ្មីនេះ លោកស្រីរដ្ឋលេខាធិការ ក៏បានជំរុញដល់មន្ដ្រីរបស់ខ្លួន ត្រូវបន្ដបំពេញការងារយ៉ាងយកចិត្ដខ្ពស់បន្ថែមទៀត ដើម្បីចៀសវាងការចម្លងវីរុសនេះ ចូលមកកម្ពុជា ហើយមានករណីសង្ស័យ ត្រូវចាត់ចែងទៅតាមការងារដែលបានត្រៀមរួចជាស្រេចនោះ ។

ទន្ទឹមនឹងនោះ លោកស្រី រដ្ឋលេខាធិការ ក៏បានអំពាវនាវដល់គ្រប់មន្ទីរពេទ្យដែលបានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឱ្យនៅដាច់ដោយឡែក ក៏ត្រូវយកមានការប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើការករណី មានអ្នកដំណើរណាមួយ មានសញ្ញាសង្ស័យថា មានវីរុសផ្លូវដង្ហើមប្រភេទថ្មីនេះ នៅក្នុងខ្លួន។ ជាពិសេស ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋ ត្រូវគួរតែចៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។

* ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។

* ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។ ត្រូវចងចាំថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អត្រឹមត្រូវ។

* ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។

* អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។

* បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថាន សុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។

ប្រសិនបើសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍ 115 ។

គូរបញ្ជាក់ផងដែរ រដ្ឋលេខាធិការក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ក៏បានចុះទៅពិនិត្យដោយផ្ទាល់នៅអាកាសយាន្ដដ្ឋានអន្ដរជាតិ ក្រុងព្រះសីហនុ និងការពង្រឹងក្រុមការងារនៅទីនោះផងដែរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងមកនេះ។

សូមជម្រាបថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី បានកើនដល់ ៤៤០នាក់ហើយ រីឯអ្នកស្លាប់វិញបានឡើងដល់ ០៩នាក់ ស្របពេលករណីឆ្លងវីរុសនេះសរុបទាំង ៤៤០នោះ គឺស្ថិតក្នុងខេត្តចំនួន ១៣ទូទាំងប្រទេសចិន។ អ្នកបាត់បង់ជីវិតទាំងអស់ គឺសុទ្ធតែនៅក្នុងខេត្ត ហ៊ូបៃ ភាគកណ្តាល ជាទីដែលវីរុសខាងលើបានរាលដាលដំបូងចេញពីទីក្រុង វូហាន (Wuhan) ខណៈរដ្ឋធានីប៉េកាំងក៏មានករណីអ្នកឆ្លងវីរុសនេះដែរ៕