(ត្បូងឃ្មុំ)៖ លោកស្រី នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុប វាយតម្លៃលទ្ធផលការងារ អប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០១៨-២០១៩ និងលើកទិសដៅ ឆ្នាំសិក្សា ២០១៩-២០២០ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដែលបានធ្វើឡើង នៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ។

ថ្លែងនាឱកាសនោះ លោកស្រី នី ចាន់ធីតា បានថ្លែងថា ពិធីបូកសរុបវាយតម្លៃការងារ អប់រំយុវជន និងកីឡានាពេលនេះ គឺជាការប្រមូលផ្តុំ គ្រប់ជំនាញគ្រប់ផ្នែក ដើម្បីរួមចំណែក ក្នុងការផ្តល់យោបល់ និងពិភាក្សា ដើម្បីរកឲ្យឃើញក្នុងការអភិវឌ្ឍន៍ វិស័យអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឲ្យមានការរីកចម្រើន។

លោកស្រី នី ចាន់ធីតា បានកោតសរសើរ ចំពោះមន្រ្តីអប់រំ គ្រប់លំដាប់ថ្នាក់ ព្រមទាំងសាស្រ្តាចារ្យ លោកគ្រូ/អ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន អស់រយៈពេលមួយឆ្នាំសិក្សាកន្លងមក ទៅតាមតួនាទី និងមុខងាររៀងៗខ្លួន ទទួលបានជោគជ័យ។

លោកស្រីអភិបាលរងខេត្ត បានសំណូមពរ ដល់សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សា និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ លើភារកិច្ច និងតួនាទីរបស់ខ្លួន ដោយសហការ សាមគ្គីគ្នា ក្នុងការអនុវត្តតាមផែនការយុទ្ធសាស្រ្ត វិស័យអប់រំយុវជន និងកីឡា ២០១៨-២០២៣ និងការកែទម្រង់វិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។

បើតាមរបាយការណ៍ របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា គ្រឹះស្ថានសិក្សាសាធារណៈ នៅទូទាំងខេត្តត្បូងឃ្មុំ សរុបចំនួន១,០០៥ខ្នង មាន៤,៧៣៩បន្ទប់ រួមមាន៖ សាលាមត្តេយ្យសិក្សា៣៣២ខ្នង ៦៤១ថ្នាក់, បឋមសិក្សាចំនួន៣៩៩សាលា ចែកចេញជា៥២កម្រង, វិទ្យាល័យចំនួន២៤កន្លែង មាន៦០៣ថ្នាក់ ៧៦៧បន្ទប់ និងអនុវិទ្យាល័យ ចំនួន៥៥កន្លែង មាន២៨៧ថ្នាក់ ៤៥៤បន្ទប់៕