(ព្រះវិហារ)៖ ជនសង្សយ័ចំនួន ៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួន និងដកហូតបានវត្ថុតាងថ្នាំញៀនមួយចំនួន ស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះថា នៅរសៀលថ្ងៃម្សិលមិញនេះកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដោយទទួលបានការណែនាំពី លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចភូមិឃុំខាងលើ។

ជាលទ្ធផលបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់រួមមាន៖

ទី១៖ ឈ្មោះ ឈិន ថុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងសំណង់
ទី២៖ ឈ្មោះ ស៊ុម សុខឡេង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរជាងសំណង់ អ្នកទាំងពីររស់នៅភូមិត្នោត ឃុំទ្រា ស្រុកបារាយណ៍ ខេត្តកំពង់ធំ
ទី៣៖ ឈ្មោះ គ្រី ធឿន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
និងទី៤៖ ឈ្មោះ សាំង វុទ្ធី ហៅណាក់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំកើតហេតុខាងលើ

ក្នុងប្រតិបត្តិការនោះដែល ក៏បានដកហូតវត្ថុតាងដូចជា៖ ថ្នាំញៀនម៉ាទឹកកចំនួន០៤កញ្ចប់ធំស្មើនិង៧,៤១ក្រាម, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូម៉ាកវ៉េវពណ៏ខ្មៅគ្មានស្លាកលេខចំនួន០១គ្រឿង, សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថកំពុងកំសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធី៕