(ភ្នំពេញ)៖ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តធ្វើការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅមុនពិធីចូលឆ្នាំប្រពៃណីចិន តាមបណ្តោយផ្លូវជាតិលេខ៦ និងចែកមួកសុវត្ថិភាពដោយមិនគិតថ្លៃ។

លោកស្រី មឹន មាណវី រដ្ឋលេធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការធិការដ្ឋានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ថា ថ្ងៃនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ធ្វើការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ដែលមានទិសដៅ ក្នុងកិច្ចប្រជុំបូកសរុបនៅពេលថ្មីៗនេះ និងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាបច្ចុប្បន្ននេះ មានសភាពកើនឡើងដែលគួរឲ្យព្រួយបារម្ភ។

លោកស្រីបានបន្តថា ការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចណ៍នេះ ក៏ស្របពេលជិតចូលឆ្នាំប្រពៃណីចិន ដើម្បីពញ្ញាក់ស្មារតីប្រជាពលរដ្ឋក្នុងការធ្វើដំណើរកម្សាន្តនៅកន្លែងទេសចរណ៍ នានាឲ្យមានការប្រុងប្រយ័ត្នក្នុងពេលបើកបក។

លោកស្រី ក៏បានលើកឡើងថា ការចែកមួកសុវត្ថិភាពនេះដែរ ក៏មានការពន្យល់ និងសួនាំ ពីអ្នកបើកបរ ដើម្បីឲ្យពួកគាត់យល់ពីការធ្វើចរាចរណ៍ ដើម្បីឲ្យមានសុវត្ថិភាព។ លោកស្រី ក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋ ត្រូវខិតខំថែរក្សាអាយុជីវិតដោយផ្ទាល់ គឺត្រូវគោរពច្បាប់នៅពេលបើកបរ។

លោកស្រីបានបញ្ជាក់ថា៖ «យើងមានច្បាប់ចរាចរណ៍ហើយ ដូច្នេះត្រូវគោរពច្បាប់ ដោយកុំបើកបរលើសល្បឿនកំណត់ បើកបកដោយប្រុងប្រយ័ត្ន គោរពសិទ្ធិអាទិភាព មុនបត់ត្រូវមើលឆ្វេងស្តាំជានិច្ច និងត្រូវប្រកាន់ស្តាំ»

លោកស្រីរដ្ឋលេខាធិការ ក៏បានលើកឡើងថា បុណ្យចូលឆ្នាំចិនខាងមុខនេះ ប្រជាពលរដ្ឋមួយ ចំនួនពិតជាពិសាគ្រឿងស្រវឹង ហើយដូច្នេះបើពិសារគ្រឿងស្រវឹងកុំបើកបរ បើបើកបរសូមសម្រាកឲ្យបាត់ស្រវឹងទើបបើកបរ។

ជាមួយគ្នានោះដែរលោកស្រីក៏បានអំពាវនាវដល់អ្នកបើកបរទាំងឡាន និងម៉ូតូទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យយានជំនិះរបស់ខ្លួនឲ្យបានសព្វគ្រប់ មុននឹងចេញដំណើរបើកបរព្រោះថាចៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយ និងប៉ះពាល់ដល់អ្នកដទៃ។

លោកស្រីក៏បានឲ្យដឹងថា គណៈកម្មាធិការសុវត្ថិភាពផ្លូវគោក នឹងធ្វើការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ នៅតាមបណ្តាផ្លូវជាតិមួយចំនួនទៀត និងនៅតាមបណ្តាលខេត្តផងដែរ។ យ៉ាងណាក្តីលោកស្រី ក៏បានអះអាងថា ប្រជាពលរដ្ឋមួយចំនួនមិនទាន់បានគោរពច្បាប់ចរាចរណ៍នោះទេ៕