(រតនគិរី)៖ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ស្ន ងការដ្ឋាននគរបាលខេត្តរតនគីរី បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាល ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធិ អនុប្រធាននាយកដ្ឋានបុគ្គលិកតំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល និងលោក លន់ សុភាព អភិបាលរងខេត្តរតនគិរី។

ពិធីនេះក៏មានការចូលរួមមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ, លោក-លោកស្រី ស្នងការរង, លោកអនុប្រធានការិយាល័យកណ្តាល, នាយ-នាយរងការិយាល័យ, អធិការស្រុក-ក្រុងចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តរតនគិរីជាច្រើនរូបផងដែរ។

ក្រោយស្នងការនគរបាលខេត្តរតនគិរី លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានបង្ហាញរបាយការណ៍រួចមក លោកវរសេនីយ៍ឯក ទេព ស៊ីម នាយរងការិយាល័យបុគ្គលិករាជធានី-ខេត្ត នៃនាយកដ្ឋានបុគ្គលិក បានអានសេចក្តីប្រកាសតែងតាំងស្នងការរង៣នាក់, អធិការម្នាក់ (ស្រុកតាវែង), នាយរងការិយាល័យចំនួន១១នាក់ (ស្រី១នាក់), មេបញ្ជាការរងវរការព្រំដែន៣នាក់, អធិការរងចំនួន៧នាក់, នាយផ្នែកចំនួន៥៥នាក់ (ស្រី៦នាក់), នាយរងផ្នែកចំនួន ៦១នាក់ (ស្រី៤នាក់), នាយរងប៉ុស្តិ៍រដ្ឋបាលចំនួន១១នាក់។

តម្លើងឋានន្តរស័ក្តិសរុបចំនួន ២៨៤នាក់ (ស្រី២០នាក់) ក្នុងនោះថ្នាក់វរសេនីយ៍ទោចំនួន ២៣នាក់, ថ្នាក់វរសេនីយ៍ត្រីចំនួន ២៦នាក់, ថ្នាក់អនុសេនីយ៍ឯកចំនួន ៤៧នាក់ (ស្រី៣នាក់), ថ្នាក់អនុសេនីយ៍ទោចំនួន ៥៧នាក់ (ស្រី៥នាក់), ថ្នាក់អនុសេនីយ៍ត្រីចំនួន៥៨នាក់ (ស្រី៥នាក់), ថ្នាក់ព្រិន្ទ្របាលឯកចំនួន៦៥នាក់ (ស្រី៤នាក់), ថ្នាក់ព្រិន្ទ្របាលទោចំនួន ៥នាក់ (ស្រី១នាក់) និងថ្នាក់ពលបាលទោ ៣នាក់(ស្រី២នាក់)។

លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធិ និងលោក លន់ សុភាព បានផ្តាំផ្ញើនាយ-នាយរង និងពលនគរបាលទាំងអស់ ដែលទើបទទួលតំណែង និងតម្លើងឋានន្តរស័ក្តិនាពេលនេះ ត្រូវខិតខំបំពេញភារកិច្ចដែលថ្នាក់លើប្រគល់ជូន ដើម្បីបំរើប្រទេសជាតិបំរើប្រជាពលរដ្ឋ ហើយការប្រកាសតែងតាំង និងតម្លើងឋានន្តរស័ក្តិដោយសារគុណបំណាច់អស់ លោកខិតខំធ្វើការមិនខ្លាចនឿយហត់កន្លងមក រីឯអ្នកមិនទាន់បានតែងតាំង និងបំពាក់ឋានន្តរស័ក្តិ គឺថ្នាក់លើនឹងរៀបចំជូនពេលក្រោយ។

ជាងនេះទៅទៀតសូមឲ្យអស់ លោកនាយ-នាយរងនិងពលនគរបាលទាំងអស់សូមឲ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ,មានទំនាក់ទំនងល្អជាមួយមន្ទីរ អង្គភាព ស្ថាប័នផ្សេងៗ, អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ចំណុច របស់រាជរដ្ឋាភិបាល ហើយអររគុណសន្តិភាពដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃផងដែរ៕