(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវី របស់រាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ឲ្យដឹងថា សំណុំរឿង របស់លោក កឹម សុខា ក៏ដូចជាសំណុំរឿង របស់បុគ្គលដទៃទៀតដែល មិនមានអ្វីពិសេសទេ ដូច្នេះគ្មានការផ្សាយផ្ទាល់ (Live) នោះទេ ព្រោះចៅក្រម ត្រូវពិចារណា និងពិនិត្យទៅលើច្បាប់ជាគោល។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្រោយ ពីមានការស្នើសុំ របស់មហាជនមួយចំនួន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ចង់ឲ្យមានការផ្សាយផ្ទាល់ (Live) នៅក្នុងសវនាការ ជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅសាលាដំបូងរាជធានីភ្នំពេញ។

លោកមេធាវី គី តិច បានគូសបញ្ជាក់បែបនេះ នៅក្នុងសន្និសីទព័ត៌មាន នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ ក្រោយបញ្ចប់សវនការ សប្តាហ៍ទី២ លើកទី៤ ជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ នៅសាលាដំបូងរាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក គី តិច បានថ្លែងយ៉ាងដូច្នេះថា «សួរថាគួរឲ្យផ្សាយផ្ទាល់ ទៅតាម Facebook ឬក៏ឲ្យទូរទស្សន៍ជាតិ ទទក គួរតែផ្សាយបន្ដផ្ទាល់ដែរ ដោយសារគាត់ថា សំណុំរឿងនេះធំ ប៉ុន្ដែការស្នើនេះ គឺបានន័យថា លើកហេតុផល តែមួយជំហៀង ប៉ុន្ដែបើយើងគិត អំពីផ្លូវច្បាប់វិញ គឺវាបានធ្វើឲ្យចៅក្រមពិបាក ក្នុងការសម្រេច»

លោក គី តិច បានបន្ដទៀតថា «ទី១ យើងក្រឡែក ទៅមើលមាត្រាទី៣១ នៃច្បាប់រដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិ បានចែងបញ្ជាក់ច្បាស់ណាស់ ពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ដូច្នេះ ការដែលលើកឡើងថា សំណុំរឿង លោក កឹម សុខា ជាសំណុំរឿងពិសេស អត់មានពិសេសអីទេ»

«ពីព្រោះ លោក កឹម សុខា ក៏ជាបុគ្គលម្នាក់ ជាជនជាប់ចោទម្នាក់ ប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ ដូចគេដែរ ចឹងជនជាប់ចោទដទៃទៀត ដែលធ្វើសវនាការកន្លងមក គាត់ក៏ជាមនុស្ស គាត់ក៏ជាជនជាប់ចោទ គាត់ក៏ជាជនប្រព្រឹត្ដិបទល្មើស ដូចលោក កឹម សុខា ដែរ ចឹងមិនអាចធ្វើការ បែងចែកបានទេ»។ នេះជាការបញ្ជាក់បន្ថែម របស់លោកមេធាវី គី តិច។

លើសពីនោះទៀត លោកមេធាវី គី តិច «បានអះអាងថា បុគ្គលគ្រប់រូប មានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ ដូច្នេះ លោក កឹម សុខា និងជនជាប់ចោទដទៃទៀត ក៏ដូចគ្នាដែរ ចឹងសវនាការមុនៗ មិនដែលធ្វើការផ្សាយផ្ទាល់នោះទេ ហើយបើសិនជាករណី លោក កឹម សុខា យើងឲ្យផ្សាយ ករណីលើកក្រោយ ជនជាប់ចោទដទៃទៀត គ្រប់រូប ក៏មានសិទ្ធិផ្សាយដែរ។ ចឹងការសម្រេចរបស់ចៅក្រម ត្រូវពិចារណ និងពិនិត្យទៅលើច្បាប់ជាគោល»

សូមជម្រាបថា ក្នុងសវនាការ រយៈពេល២ថ្ងៃ កាលពីថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ តុលាការ បានចោទសួរដេញដោលទៅលើជនជាប់ចោទ កឹម សុខា។ ជាមួយគ្នានេះ ក្នុងសវនាការនោះ លោក កឹម សុខា ក៏បានទទួលស្គាល់ថា សំឡេងរូបនៅក្នុងឃ្លឹប ដែលសារភាពអំពីការទទួលបញ្ជារបស់បរទេស គឺជាសំឡេង រូបរបស់លោកពិតប្រាកដមែន។

យ៉ាងណាក៏ដោយ មេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី បានប្រកាសត្រៀមភស្ដុតាង ចំនួន៣វ៉ាលីធំៗថែមទៀត ដើម្បីដាក់បន្ទុកលើ លោក កឹម សុខា មិនឲ្យរើរួចពីទោសក្បត់ជាតិនោះឡើយ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

ក្រោយមកលោកត្រូវបានតុលាការ ដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយមិនអនុញ្ញាតឲ្យជួប អតីតថ្នាក់ដឹកនាំ CNRP ជូនជនបរទេស រួមទាំងមិនអាចចាកចេញ ពីព្រំដែនផ្លូវដែលតុលាការបានកំណត់។

ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចកែសម្រួលលក្ខខណ្ឌត្រួតពិនិត្យនេះដោយដាក់ លោក កឹម សុខា ឲ្យមានសេរីភាពច្រើនជាងមុន ដោយសារ លោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ច នៃការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការ ព្រមទាំងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីតុលាការ ជាពិសេសបញ្ហាសុខភាពរបស់ជនត្រូវចោទដែលចាំបាច់ត្រូវពិនិត្យ និងព្យាបាល។

លក្ខខណ្ឌថ្មី នៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យថ្មីនេះ រួមមាន៖ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និងត្រូវឆ្លើយតបនឹងការកោះហៅ ពីគ្រប់សមត្ថកិច្ចផងដែរ។

នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា បន្តទៀតផងដែរ៕