(ភ្នំពេញ)៖ ឆ្លើយតបនឹងសំណើរបស់លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ម្ចាស់ជំនួយរបស់ព្រះវិហារឥស្លាមខ្នាតអន្តរជាតិ អាល់សារកាល បឹងកក់ ភ្នំពេញ និងវិហារសាលារៀនមួយចំនួននៅកម្ពុជា លោក Sheikh Eisa Bin Nassir AlSerkal គ្រោងនឹងចុះសិក្សាលម្អិតស្តីពីគម្រោង សាងសង់ព្រះវិហារឥស្លាមអន្តរជាតិមួយទៀត នៅកណ្តាលទីក្រុងវៀងចន្ទ ប្រទេសឡាវ ដែលជាគោលដៅទី២ ក្នុងប្រទេសអាស៊ីអាគ្នេយ៍។

គម្រោងសាងសង់នេះ លោកបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងនាមគ្រួសារវង្សត្រកូលរបស់លោក នាម អាល់សារកាល ខណៈព្រះវិហារឥស្លាមអន្តរជាតិ អាល់សារកាលបឹងកក់នៅរាជធានីភ្នំពេញ ក៏ជាអំណោយដោយផ្ទាល់របស់លោកផងដែរ ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។

នេះជាការលើកឡើងរបស់ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ ស្តីពីជំនួបរបស់លោក ជាមួយលោក Sheikh Eisa Bin Nassir Al Serkal នៅទីក្រុងឌូបៃ ដែលបានធ្វើឡើងស្របពេលជាមួយនឹង ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងរីយ៉ាដ ក្រុងជិដះ និងក្រុងម៉ាកាស់ នៃប្រទេសអារ៉ាប៊ីសាអូឌីត និងទីក្រុងអាប៊ូដាប៊ី ក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។

ក្នុងដំណើរទស្សនកិច្ចកន្លងទៅនេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏បានបន្តជួបពិភាក្សាការងារជាមួយ លោក Sheikh Abdul Gaffar Al Khoory ម្ចាស់អំណោយសាងសង់វិហារឥស្លាម គីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ។

លោកទេសរដ្ឋមន្រ្តីក៏បានបញ្ជាក់ថា ជាមួយនឹងការលើកសំណើឲ្យជួយសង់ព្រះវិហារឥស្លាមនៅក្រុងវៀងចន្ទ សម្រាប់អ្នកកាន់សាសនាឥស្លាមនៅទីក្រុងនេះ ដែលមានបងប្អូនខ្មែរឥស្លាមរស់នៅច្រើនផងដែរនោះ លោកក៏បានស្នើទៅភាគីម្ចាស់ជំនួយទាំងពីរ ឲ្យបន្តជួយឧបត្ថម្ភការសាងសង់វិហារ និងសាលារៀន នៅតាមបណ្តាខេត្តមួយចំនួន ដែលពុំទាន់មានព្រះវិហារ និងសាលារៀនសមរម្យ ហើយភាគីម្ចាស់ជំនួយក៏ទទួលយកសំណើនេះ ដោយនឹងធ្វើការសិក្សាជាបន្តបបន្ទាប់។

តាមការបញ្ជាក់បន្ថែមរបស់ ទេសរដ្ឋមន្រ្តី ម្ចាស់ជំនួយទាំងពីរខាងលើ ក៏បានសន្យានឹងផ្តល់អំណោយជាផ្លែល្មើ សម្រាប់សាសនិកឥស្លាមកម្ពុជា តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ទទួលទានក្នុងខែបួសរ៉ាម៉ាឌន ដែលនឹងឈានមកមកដល់ ក្នុងខែមេសាខាងមុខនេះ ដែលម្ចាស់ជំនួយម្នាក់ៗ នឹងផ្តល់ជូនប្រមាណ៣០តោន ដូចច្នេះសរុបប្រមាណ៦០តោន គិតជាទឹកប្រាក់ប្រមាណ៩ម៉ឺនដុល្លារអាមេរិក។

ជាមួយគ្នានេះដែរ ម្ចាស់ជំនួយទាំងពីររូបខាងលើ ក៏បានសម្តែងនូវការអបអរសាទរ នឹងជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍរីកចម្រើនកើនឡើងដោយឥតឈប់ឈរ និងរក្សាបាន នូវសុខសន្តិភាពជូនប្រជាជនកម្ពុជា ហើយបានធ្វើឲ្យមាន នូវភាពសុខដុមនីយកម្ម ជាតិសាសន៍ សាសនានៅកម្ពុជា។ លោកទាំងពីរ ក៏បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងក្តីនឹករលឹកមកជូនសម្តេចតេជោ ហ៊ុន សែន ដោយក្តីគោរពស្រលាញ់បំផុត៕