(ភ្នំពេញ)៖ បុគ្គលិកសណ្ឋាគារផ្កាយ៥ (អតីតសណ្ឋាគារ Inter-Continental) ជាង១០០នាក់ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ បាននាំគ្នាបន្តធ្វើកូដកម្ម ដើម្បីស្វែងរកដំណោះស្រាយឲ្យម្ចាស់សណ្ឋាគារមួយនេះ ទូទាត់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ខណៈសមាជិកគ្រួសាររបស់ពួកគាត់រាប់រយនាក់ កំពុងជួបបញ្ហាជីវភាព។

ជាមួយគ្នានេះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ម្សិលមិញ ញត្តិស្នើសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវបានដាក់ចូលទៅខុទ្ទកាល័យសម្តេចតេជោរួចរាល់ហើយ។ នេះបើតាមការបញ្ជាក់ពី លោក ទូច កុសល ប្រធានសហជីពរបស់បុគ្គលិកសណ្ឋាគារ Great Duke បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News។

លោក ទូច កុសល បានឲ្យដឹងថា «នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ អតីតបុគ្គលិកកម្មករបម្រើការងារ នៅសណ្ឋាគារដឹហ្រ្កេតឌ្យូក ភ្នំពេញ ដែលជាអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់ នៅបន្តធ្វើកូដកម្មខាងមុខសណ្ឋាគារដឹហ្រ្កេតឌ្យូកភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយ ខណៈសណ្ឋាគារមួយនេះ បានបិទទ្វារឈប់ធ្វើអាជីកម្ម ហើយម្ចាស់សណ្ឋាគារមិនព្រមទូទាត់សំណង ឱ្យបានត្រឹមត្រូវទៅតាមច្បាប់ ស្តីពីការងារ។ យើងនឹងបន្តធ្វើកូដកម្ម រហូតដល់មានដំណោះស្រាយ ទៅតាមច្បាប់ការងារ»

បុគ្គលិករបស់សណ្ឋាគារ ស្នើសុំឲ្យដោះស្រាយសំណងជូនពួកគាត់ចំនួន៤ចំណុច៖ ១៖ស្នើសុំឲ្យដោះស្រាយសំណង អតីតភាពការងារមុនឆ្នាំ២០១៩ ដែលមានក្នុងមាត្រា៩១នៃច្បាប់ការងារ, ២៖ ទាមទារសំណងជំងឺចិត្ត ដែលមានក្នុងច្បាប់ការងារមាត្រា៨៩, ៣៖ ទាមទារឲ្យផ្តល់នូវប្រាក់ជូនដំណឹង ដែលមានក្នុងមាត្រា៧៥នៃច្បាប់ការងារ និង៤៖ ស្នើឲ្យសុំផ្តល់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ ដែលនៅសេសសល់។ ប៉ុន្តែខាងតំណាងសណ្ឋាគារថា គេមិនអាចផ្តល់សំណងជំងឺចិត្តបានទេ ដោយសារសណ្ឋាគារក្ស័យធុន។ ចំពោះការទូទាត់ប្រាក់បំណាច់អតីតភាពការងារ ឬការបើកប្រាក់រំលឹកអតីតភាពការងារ គឺយកតែប្រាក់ឈ្នួលគោលសុទ្ធសាធមកគណនា ដោយមិនរាប់បញ្ចូលជាមួយប្រាក់បន្ទាប់បន្សំឡើយ ហើយការផ្តល់ប្រាក់សំណង ខាងសណ្ឋាការសុំធ្វើលក្ខណៈបង់រំលស់ ជា៣ដំណាក់កាល ប៉ុន្តែអតីតបុគ្គលិកមិនព្រមឡើយ។

សូមរំលឹកថា សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

អ្វីដែលគេនៅចងចាំនោះ គឺសណ្ឋាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកដំបូង កាលពីឆ្នាំ២០០២ ដែលទទួលបដិសណ្ឋារកិច្ចមេដឹកនាំធំៗមួយចំនួន។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា៕