(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុន បានសម្រេចជ្រើសរើស លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មកពីគណបក្សប្រជាជនកម្ពុជា ឱ្យដឹកនាំក្រុមយុវជនពីគ្រប់និន្នាការនយោបាយ និងសង្គម ស៉ីវីលនៅកម្ពុជាចំនួន១០រូប ដើម្បីទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសជប៉ុន អំពីដំណើរការប្រជាធិបតេយ្យ នីតិរដ្ឋ និងការបោះឆ្នោត នៅប្រទេសជប៉ុន រយៈពេល១០ថ្ងៃ។

ទស្សនកិច្ចនេះ នឹងធ្វើឡើងក្រោមកម្មវិធី JENESYS ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ប្រតិភូយុវជនដែលមកពីគណបក្សប្រជាជនកម្ពុជា មានចំនួន ៣រូបរួមមាន៖ លោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌, លោកស្រី ជ្រឹង បុទុមរស្សី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និង លោកស្រី ប៊ូ ដានី ជំនួយការក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល។

ក្នុងដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃនេះ ប្រតិភូយុវជនកម្ពុជា នឹងជួបពិភាក្សាការងារជាមួយឥស្សរជននយោបាយជាន់ខ្ពស់សំខាន់ៗមួយចំនួនរបស់ជប៉ុន នៅក្នុងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ សាស្រ្តាចារ្យនៅសកលវិទ្យាល័យ សារព័ត៌មាន និងអង្គការសង្គម ស៉ីវីល ព្រមទាំងទៅចូលរួមសង្កេតដោយផ្ទាល់នូវដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅក្នុងដំណើរការបោះឆ្នោតនៅថ្នាក់ក្រោមជាតិរបស់ជប៉ុន។

គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីរឹតចំណងមិត្តភាពកម្ពុជាជប៉ុន បង្កើននូវភាពយល់គ្នានិងជំនឿទុកចិត្តគ្នាទៅវិញទៅមកអំពីបរិបទនយោបាយកម្ពុជា និងជប៉ុន ជាពិសេសដើម្បីឱ្យយុវជនកម្ពុជា ដែលជាអ្នកនយោបាយជំនាន់ក្រោយស្វែងយល់ និងដកបទពិសោធន៍ពីការងារនយោបាយនៅជប៉ុន យកមកអនុវត្តនៅកម្ពុជា និងចេះធ្វើការជាមួយគ្នាក្នុងការអភិវឌ្ឍប្រទេស ទោះបីជាមាននិន្នាការនយោបាយខុសគ្នាយ៉ាងណាក៏ដោយ៕