(ភ្នំពេញ)៖ សន្តិភាពមានតម្លៃមហាសាលសម្រាប់ប្រទេស និងប្រជាជនកម្ពុជា គ្មានសិន្តិភាព គ្មានអ្វីៗទាំងអស់! អរគុណសន្តិភាព ដែលផ្តល់ឱកាស និងផ្លែផ្កា ដល់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នប្រមូលចំណូល ដ៏សំខាន់បំផុតរបស់ជាតិ អាចសម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរ ក្នុងឆ្នាំ២០១៩។

កំណើនចំណូលថវិកាជាតិ ដែលបានពីការប្រមូលចំណូលពន្ធដារ ផ្តល់នូវមោទនភាព ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ។

ក្នុងឆ្នាំ២០១៩ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធបានចំនួន១២៣.២០% នៃផែនការកំណត់ដែលទទួលបានទឹកប្រាក់ពន្ធចំនួន ១១,២៧៧.៣២ប៊ីលានរៀល គិតជាដុល្លារប្រមាណជា ២៨១៩.៣៣លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលលើស ២៨.២៨ស្មើនឹងទឹកប្រាក់ពន្ធចំនួន៦២១.៤៨លានដុល្លាសហរដ្ឋអាមេរិក។ ក្នុងនោះ អ្នកជាប់ពន្ធដែលស្ថិតក្នុងកម្រិតអ្នកជាប់ពន្ធធំ នៅតែដើរតួរនាទីយ៉ាងសំខាន់ គឺប្រមាណជា៧៦% អ្នកជាប់ពន្ធមធ្យម ១៣% អ្នកជាប់ពន្ធតូច១% និងពន្ធផ្សេងៗប្រមាណ១០%។

កំណើនចំណូលពន្ធទាំងនេះ គឺកើតចេញអំពីកំណើនសេដ្ឋកិច្ច របស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខនៃរាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តគោលនយោបាយ ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

កម្ពុជាបន្តរក្សាបាននូវ សន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរឹងមាំដែលទាំងអស់នេះ គឺជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងរយៈពេលជាង២ទស្សវត្សរ៍កន្លងមកនេះ។ សមិទ្ធផលទាំងនេះ គឺបានជំរុញកំណើនអ្នកវិនិយោគទាំងក្នុងស្រុក និងពីបរទេស ឲ្យធ្វើការបណ្តាក់ទុននៅកម្ពុជា ហើយការហ៊ានបណ្តាក់ទុនរកស៊ីនេះ កើតចេញពីកត្តាសន្តិភាព ព្រោះថាបើប្រទេសកម្ពុជាគ្មានសិន្តិភាពទេនោះ អ្នកវិនិយោគក៏មិនមកស៊ីនៅកម្ពុជាដែរ៕

សូមទស្សនាវីដេអូរបាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃការប្រមូលចំណូលពន្ធ និងវឌ្ឍនភាពរបស់អគ្គនាយកដ្ឋានពន្ធដារ សម្រាប់២០១៩៖