(ភ្នំពេញ)៖ គិតត្រឹមឆ្នាំ២០១៩ ចំនួនយានយន្តនៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប ៥,៣៣៨,៣៩៤គ្រឿង។ ក្នុងនោះឆ្នាំ២០១៩ យានយន្តមានការកើនឡើង ៣៧ភាគរយ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ម៉ូតូមានចំនួន ៤,៥៥៥,២២១គ្រឿង ស្មើនឹង៨៣% និងរថយន្តគ្រប់ប្រភេទចំនួន ៧៨៣,១៧៣គ្រឿង ស្មើនឹង ១៧%។

សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ឃើញថា ការកើនឡើងចំនួនយានយន្ត បានបង្កើតឱ្យមានបញ្ហាប្រឈមមួយចំនួន ដូចជាការកកស្ទះនៅតាមដងផ្លូវ តាមទីក្រុង ទីប្រជុំជន និងគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ស្របពេលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មិនទាន់ ឆ្លើយតបតាមតម្រូវការ ក៏ដូចជាកង្វះ ចំណតយានយន្ត កង្វះការគ្រប់គ្រងចំណីផ្លូវ និងកង្វះការបំពាក់បរិក្ខាសុវត្ថិភាពផ្លូវជាដើម៕