(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ត្រូវលុបបំបាត់ឱ្យបានជាដាច់ខាត ចំពោះការជ្រើសរើសកងទ័ព ដោយខុសច្បាប់ ដែលគ្មានការអនុញ្ញាត ហើយមិនត្រូវអត់ឱនជាដាច់ខាតចំពោះមន្ត្រីកងទ័ពដែលប្រព្រឹត្តទង្វើខុសច្បាប់បែបនេះ។

ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញអមនាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងពិធីបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់កងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងយ៉ាងដូច្នេះថា៖ «ត្រូវលុបបំបាត់ទាំងអស់ការជ្រើសរើសទ័ពខុសច្បាប់ហ្នឹង ហើយនេះតែម្នាក់ទេ នៅមានទៀត ប្រយ័ត្នអាហ្នឹងម្តងនេះមិនអត់ឱនឱ្យបានទេ ហើយសូមឱ្យអង្គភាពដទៃទៀតត្រូវប្រុងប្រយ័ត្នដែរ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្តថា ត្រូវធ្វើឱ្យមានសុក្រឹតភាព ចំពោះការឡើងឋានន្តរស័ក្តិ ការឡើងមុខនាទី ព្រមទាំងការផ្លាស់ប្តូរនានា ដែលចំណុចនេះ ជាការប្តេជ្ញាចិត្តខ្ពស់បំផុត របស់អគ្គបញ្ជាការ និងថ្នាក់ដឹកនាំដទៃទៀតផងដែរ។ នាយឧត្តមសេនីយ៍ ក៏បានព្រមានដល់អង្គភាពចំណុះត្រូវប្រុងប្រយ័ត្ន ការបញ្ចូលឈ្មោះនាយទាហាន ក្នុងអង្គភាពរបស់ខ្លួនបាន សូមមើលខ្លួនកុំឱ្យមានការកើតមានទៀត ដែលវាប៉ះពាល់ដល់ការងារគ្រប់គ្រងដែរ។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ត្រូវធ្វើឱ្យមានសុក្រឹតភាព តម្លាភាព និងភាពយុត្តិធម៌ ចំពោះការដាក់ឱ្យចូលនិវត្តន៍ ដែលអាចចៀសវាងបង្កឱ្យមានភាព អយុត្តិធម៌ដល់មន្ត្រីកងទ័ព។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបន្ថែមទៀតថា ក្រុមប្រឆាំងនៅតែមានគំនិតប៉នប៉ងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសក្រុមប្រឆាំងទាំងក្នុង និងក្រៅប្រទេសបានព្យាយាម បំបែបបំបាក់កងយោធពលខេមរភូមិន្ទ តាមរយៈការបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយ ដែលក្រុមជ្រុលនិយមនេះបានបង្កើតឡើងជាដើម៕