(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ បានកំពុងតែគិតគូរធ្វើឱ្យទំនើប និងបង្កើនសមត្ថភាពដល់កងទ័ពជើងទឹកបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់កងទ័ព នាពេលបច្ចុប្បន្ននេះ។

ការឱ្យដឹងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងពិធីបិទសិក្ខាសាលា បូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ២០២០ របស់បញ្ជាការកងទ័ពជើងទឹក ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ត្រូវតែទទួលខុសត្រូវខ្លួនយើង គិតគូរលៃលកធ្វើយ៉ាងណា ថែទាំទុកដាក់ធ្វើម៉េច លើកកម្រិតគុណភាពខ្លួនឱ្យបាន ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង ឱ្យមានប្រសិទ្ធភាពទៀត យើងកំពុងតែគិតគូរដែរ យ៉ាងណាយើងមិនមែនឱ្យមានសមត្ថភាពតែប៉ុណ្ណឹងទេ យើងកំពុងតែគិតគូរលើរឿងហ្នឹងដែរ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ដោយឈរលើស្ថានការណ៍នេះ កងទ័ពជើងទឹក មានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទថែមទៀត ជាមួយកងទ័ពជើងទឹក ប្រទេសជិតខាង ក៏ដូចជាប្រទេសក្នុងតំបន់លើវិស័យសន្តិសុខលម្ហសមុទ្រ ដែលបច្ចុប្បន្នកំពុងវិវត្តន៍ទៅមុខ ប្រកបដោយសុទិដ្ឋិនិយម និងវឌ្ឍនភាព។ ជាមួយគ្នានេះ កងទ័ពជើងទឹកត្រូវខិតខំពង្រឹងសមត្ថភាពលើគ្រប់វិស័យ សំដៅឱ្យមានទាំងសីលធម៌ គុណធម៌ វិន័យ និងឆន្ទៈ តាមរយៈការបណ្តុះបណ្តាល ហ្វឹកហ្វឺន ការបំពាក់ឧបករណ៍ សម្ភារៈ យុទ្ធោបករណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធទន់-រឹង ឱ្យសមស្របទៅនឹងបច្ចេកវិទ្យាទំនើប និងភាពរីកចម្រើនរបស់ប្រទេសជាតិ លើគ្រប់វិស័យនាពេលបច្ចុប្បន្ន និងទៅអនាគត។

បន្ថែមពីលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា កងទ័ពជើងទឹក ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងអស់តាមរយៈការចូលចតនាវា នៅកំពង់ផែកម្ពុជា ដំណើរទស្សនកិច្ចផ្លាស់ប្តូរយោបល់ ការជួបពិភាក្សាគ្នាទៅវិញទៅមក ការចូលរួមក្នុងវេទិកា ប្រជុំកងទ័ពជើងទឹកអាស៊ាន និងកម្មវិធីល្បាតរួមគ្នាជាមួយប្រទេសជិតខាង សំដៅចែករំលែកព័ត៌មានទៅវិញទៅមក ពង្រឹងសមត្ថភាពមន្រ្តីយោធា ជំនាញអន្តរជាតិ លើកកម្ពស់ទំនាក់ទំនងឱ្យកាន់តែល្អប្រសើរជាមួយបណ្តាញប្រទេសក្នុងតំបន់ ជាពិសេសជាមួយប្រទេសជិតខាង ដើម្បីខិតខំប្រឹងប្រែងរួមគ្នាធ្វើឱ្យមានសណ្តាប់ធ្លាប់ និងបរិស្ថានល្អនៅក្នុងដែនសមុទ្រកម្ពុជា។

ជាមួយគ្នានេះ កងទ័ពជើងទឹកក៏ត្រូវគិតគួរទុកជាមុននូវរាល់ការប្រឈមទាំងឡាយ ដែលនឹងអាចកើតមានឡើងនៅលើលម្ហសមុទ្រកម្ពុជា ទាំងសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី ដូចជា បញ្ហាអធិបតេយ្យភាពលើដែនសមុទ្រ បញ្ជាថារកម្មប្រដាប់អាវុធ អន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ ការបំពុលបរិស្ថាន គ្រោះមហន្តរាយធម្មជាតិ អំពើភេរវកម្ម។ល។ ដែលទាមទារឱ្យកងទ័ពជើងទឹក ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង ខិតខំរួមគ្នាលើវិស័យនាវាចរ ដើម្បីធានាបាននូវសន្តិសុខយូរអង្វែងលើផ្ទៃសមុទ្រប្រទេស។

សម្តេចពិជ័យសេនា បានបន្ថែមទៀតថា កងទ័ពជើងទឹក ត្រូវសហការជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ យកចិត្តទុកដាក់ពង្រឹងប្រព័ន្ធការពារជាតិ នៅតាមបណ្តាកោះ-ឆ្នេរ ឱ្យបានរឹងមាំ តាមរយៈការតាមដាន ក្តាប់សភាពការណ៍ទូទៅនៅលម្ហសមុទ្រ តាមតំបន់ឆ្នេរ និងពង្រឹងការដាក់ប៉ុស្តិ៍សង្កេតការ នៅតាមបណ្តាកោះ និងធ្វើល្បាតត្រួតពិនិត្យភូមិសាស្ត្រទទួលខុសត្រូវ របស់ខ្លួនឱ្យបានជាប់ជាប្រចាំ។ ត្រូវយកចិត្តទុកដាក់ម្ចាស់ការចូលរួមរក្សាស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសហការជាមួយសមត្ថកិច្ចតាមស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ចូលរួមឱ្យបានសកម្មក្នុងការពង្រឹង ការអនុវត្តច្បាប់ បង្ការទប់ស្កាត់ និងបង្រ្កាបភាពអនាធិបតេយ្យខុសច្បាប់ និងបទល្មើសផ្សេងៗ ឱ្យបានទាន់ពេលវេលា ដើម្បីចូលរួមគាំទ្រការប្រមូលថវិកាជាតិទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានក្រើនរំលឹកដល់កងទ័ពជើងទឹកទាំងសអស់ ត្រូវត្រៀមរៀបចំឧបករណ៍សម្ភារៈ មធ្យោបាយគ្រប់ប្រភេទ តាមលទ្ធភាពជាក់ស្តែង ដើម្បីសហការជាមួយស្ថាប័នពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះគ្រោះមហន្តរាយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗទៀត តាមការប្រគល់ភារកិច្ចរបស់ថ្នាក់លើ និងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋ។

រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់ថា ត្រូវពង្រឹងការងារហ្វឹកហ្វឺនរយៈពេលវែង និងខ្លីនៅគ្រប់កងឯកភាពចំណុះកងទ័ពជើងទឹកឱ្យមានលក្ខណៈ ជាយុទ្ធសាស្ត្រយូរអង្វែង លើគ្រប់ជំនាញ បច្ចេកទេស ធានាមានសមត្ថភាពទាំងចំណេះដឹង និងចំណេះធ្វើ ឱ្យសមស្របជាមួយនឹងយុទ្ធោបករណ៍ ឧបករណ៍ សម្ភារៈ មធ្យោបាយថ្មីៗ ដែលនឹងបំពាក់ជូននាពេលខាងមុខ។ ការចាត់តាំងវិធីសាស្ត្រហ្វឹកហ្វឺន ត្រូវភ្ជាប់ទៅនឹងស្ថានភាពភូមិសាស្ត្រជាក់ស្តែង របស់កងឯកភាព និងមុខជំនាញបច្ចេកទេសនីមួយៗ។ ការហ្វឹកហ្វឺន ត្រូវដើរទន្ទឹមជាមួយនឹងការងារអប់រំចិត្តសាស្ត្រ ដើម្បីឱ្យយោជនគ្រប់រូប មានស្មារតីស្នេហាជាតិមានឆន្ទៈមោះមុត គោរពវិន័យកងទ័ព និងធានាគ្រប់គ្រងកម្លាំងបានគ្រប់សភាពការណ៍ចាំបាច់ ឈានឆ្ពោះទៅសម្រេចភារកិច្ច ដែលថ្នាក់លើប្រគល់ជូន៕