(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹម ជាថ្មីម្ដងទៀត ក្នុងការជួយសង្គ្រោះទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតនៅតាមមូលដ្ឋាន បន្ទាប់ពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ទទួលបាននូវទេយ្យវត្ថុ មានជាគ្រឿងឧបភោគបរិភោគ ភេសជ្ជ សម្ភារប្រើប្រាស់ និងបច្ច័យមួយចំនួនធំ ពីព្រះតេជគុណ ព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌ និងចៅអធិការវត្តញាណរង្សី ជាមួយព្រះតេជគុណ ឈួន សុខវីន ព្រះគ្រូសូត្រស្ដាំ វត្តកោះមេត្តាពោធិវង្ស។

ការប្រគល់ និងទទួលទេយ្យវត្ថុរវាងលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងព្រះតេជគុណ ខឹម សម្បត្តិ ជាមួយព្រះតេជគុណ ឈួន សុខវីន ខាងលើនេះ ក៏មានការនិមន្ដអញ្ជើញចូលរួមពីព្រះទេពសត្ថា បណ្ឌិត ពើយ មេត្តា ព្រះចៅអធិការវត្តកោះមេត្តាពោធិវង្ស មន្ត្រីសង្ឃ នៃសាលាអនុគណខណ្ឌ និងលោក លោកស្រី ជាមន្ត្រីសមាជិកប្រចាំការអនុសាខាខណ្ឌ ដែលបានរៀបចំឡើងស្ថិតនៅក្នុងវត្តកោះមេត្តាពោធិវង្ស ភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ។

តំណាងឲ្យប្រជាពលរដ្ឋទូទាំងខណ្ឌ និងជំនួសមុខឲ្យសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ក្នុងនាមប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោក ជា ពិសី ពិតជាមានមោទនភាពយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះតេជគុណ ព្រះមង្គលរក្ខិត បណ្ឌិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌ និងចៅអធិការវត្តញាណរង្សី ជាមួយព្រះតេជគុណ ឈួន សុខវីន ព្រះគ្រូសូត្រស្ដាំ វត្តកោះមេត្តាពោធិវង្ស ដោយបានផ្ដល់នូវវប្បធម៌ចែករំលែក មកដល់អនុសាខាកាកបាទក្រហមកម្ពុជា ក្នុងបំណងចូលរួមគាំទ្រជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។

លើសពីនេះ លោក ជា ពិសី បានសន្យាបន្តនាំយកនូវទេយ្យវត្ថុ មានជាគ្រឿងឧបភោគបរិភោគ ភេសជ្ជ សម្ភារប្រើប្រាស់ និងបច្ច័យដែលទទួលបានមក ពីព្រះអនុគណខណ្ឌ និងចៅអធិការវត្តញាណរង្សី និងព្រះតេជគុណ ព្រះគ្រូសូត្រស្ដាំ វត្តកោះមេត្តាពោធិវង្ស ក្នុងការត្រៀមទុកបន្តចែកជូនជួយសង្គ្រោះ ទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ដើម្បីឲ្យស្របតាមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ថា សម្រាប់ទេយ្យវត្ថុ ដែលកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ទទួលបានពីវត្តញាណរង្សី មានបច្ច័យ ចំនួន១,០០០,០០០រៀល (មួយលានរៀល) ឯវត្តកោះមេត្តាពោធិវង្ស រួមមាន៖ អង្ករ១តោន (១,០០០គីឡូក្រាម), មី១០កេស, ត្រីខ១០យួរ, ទឹកត្រី១០យួរ, ទឹកស៊ីអ៉ីវ១០យួរ, ទឹកសុទ្ធ១០កេស, ទឹកក្រូច ០៥កេស, គ្រឿងប្រើប្រាស់ផ្ទះបាយ ០២សម្រាប់, និងបច្ច័យចំនួន២,០០០,០០០រៀល (ពីរលានរៀល)៕