(ភ្នំពេញ)៖ បន្ទាប់មានពីករណីសិស្សសាលាប្រើប្រាស់អំពើហិង្សាដាក់គ្នាជាបន្ដបន្ទាប់ រហូតបណ្ដាលឲ្យសិស្សម្នាក់ស្លាប់ កាលពីពេលកន្លងទៅថ្មីៗនេះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ៧ចំណុច ដើម្បីពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុង នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

ទន្ទឹមនឹងក្រសួងសង្កេតឃើញថា នៅមានគ្រឹះស្ថានសិក្សាមួយចំនួនតូច មិនទាន់អនុវត្តឲ្យបានពេញលេញ ជាពិសេសការគ្រប់គ្រង់អ្នកសិក្សានៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដោយមិនបានផ្សព្វផ្សាយ និងអនុវត្តបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា ឲ្យបានទូលំទូលាយ និងមានការទទួលខុសត្រូវនៅឡើយ ដែលបង្កឲ្យមានអំពើហិង្សា និងបាតុភាពអសកម្មនានាកើតឡើង។

ចំណុចទាំង៧សំខាន់ៗ ដែលក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនោះរួមមាន៖

*ទី១៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវពង្រឹងការអនុវត្តភារកិច្ចរបស់គ្រូទទួលបន្ទុកថ្នាក់ លោកគ្រូ អ្នកគ្រូបង្រៀនតាមមុខវិជ្ជា ឲ្យណែនាំសិស្សានុសិស្ស អនុវត្តបទបញ្ជាផ្ទៃ ក្នុងរាល់ម៉ោងសិក្សា និងពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាយុវជន កុមារ ក្រុមប្រឹក្សាវិន័យ ក្រុមប្រឹក្សាអប់រំ ដើម្បីមានវិធានការទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពមិនប្រក្រតីរបស់សិស្ស ក្នុងបរិវេណគ្រឹះស្ថានសិក្សា។

*ទី២៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវប្រជុំណែនាំអំពីករណីយកិច្ចរបស់អ្នកសិក្សា ដូចជា៖ វិន័យ សីលធម៌ សុជីវធម៌ ការស្លៀកពាក់ ការតុបតែងខ្លួន អនាម័យ កម្រិតវិន័យ ការសុំច្បាប់ឈប់សម្រាក របបពិន្ទការឡើងថ្នាក់ ត្រួតថ្នាក់ និងការចូលរួមសកម្មភាពនានាក្នុង និងក្រៅគ្រឹះស្ថានសិក្សា ដល់សិស្សានុសិស្ស រៀងរាល់ពេលគោរពទង់ជាតិ ឬមុនពេលចាប់ផ្តើមបង្រៀន ស្របតាមបទបញ្ជាផ្ទៃក្នុង។

*ទី៣៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវធ្វើទំនាក់ទំនង និងសហការជិតស្និទ្ធជាមួយ មាតាបិតា អ្នកអាណាព្យាបាល សហគមន៍ដើម្បីផ្តល់ព័ត៌មាននានា ពាក់ព័ន្ធនឹងបាតុភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការគ្នាអប់រំ ណែនាំ កែលម្អ បានទាន់ពេលវេលា។

*ទី៤៖ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវសហការជិតស្និទ្ធជាមួយស្ថាប័នមានសមត្ថកិច្ចដូចជា៖ កម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថ អាជ្ញាធរដែនដី ដើម្បីផ្តល់ព័ត៌មាន ក្នុងករណីមានការប្រព្រឹត្តអំពើអន្ធពាលអំពើហិង្សា សកម្មភាពអុកឡុកបង្កចលាចលនានា ពីសំណាក់សិស្សានុសិស្ស ឬក្រុមក្មេងទំនើង នៅក្បែរ ឬក្នុងបរិវេណគ្រឹះស្ថានសិក្សា។

*ទី៥៖ ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវកំណត់របៀបវារៈអំពីប្រសិទ្ធភាព នៃការអនុវត្តបទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋាននានាពាក់ព័ន្ធការពង្រឹងវិន័យ រាល់កិច្ចប្រជុំប្រចាំខែ ជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។

*ទី៦៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយ ណែនាំ ត្រួតពិនិត្យការអនុវត្តច្បាប់ជាពិសេសបទបញ្ជាផ្ទៃក្នុង របស់គ្រឹះស្ថានសិក្សា ដោយកំណត់របៀបវារៈរាល់កិច្ចប្រជុំប្រចាំខែជាមួយការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ដែលស្ថិតក្រោមឱវាទ។

*ទី៧៖ អ្នកសិក្សា ត្រូវអនុវត្តបទបញ្ជាផ្ទៃក្នុង សេចក្តីណែនាំ និងលិខិតបទដ្ឋាននានា ដែលបានដាក់ចេញ។ ក្នុងករណីអ្នកសិក្សាបានប្រព្រឹត្តខុស អ្នកសិក្សានោះត្រូវទទួលទណ្ឌកម្មតាមបទបញ្ជាផ្ទៃក្នុង ដែលនៅជាធរមានករណីមិនរាងចាល ឬ បង្កអំពើហិង្សាត្រូវប្រឈមនឹងការលុបឈ្មោះចេញពីសាលា។
ដោយឡែកបទល្មើសព្រហ្មទណ្ឌ ក្នុង និងក្រៅបរិវេណគ្រឹះស្ថានសិក្សា អ្នកសិក្សានោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ និងស្ថិតនៅក្រោមសមត្ថកិច្ច របស់អាជ្ញាធរតាមឋានានុក្រម៕