(ព្រះវិហារ)៖ រថយន្តមួយគ្រឿង ដែលផ្ទុកប្រេងសាំង និងប្រេងម៉ាស៊ូតជិត ៥០កាន បានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារមូលហេតុទុស្សេខ្សែភ្លើង។ ហេតុការដ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១០៖១០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិកំពង់ចម្លង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

លោកវរសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់ថា មុនពេលកើតហេតុរថយន្តខាងលើ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បានផ្ទុកប្រេងចំនួន ៤៥កាន បំរុងដឹកបោះឲ្យម៉ូយ ក្នុងនោះ ប្រេងសាំងមានចំនួន ១០កាន និងប្រេងម៉ាស៊ូតមានចំនួន ៣៥កាន។

លោកបន្តថា ស្របពេលដែលបើកចេញពីផ្ទះបានបន្តិច ក៏បានឆាបឆេះឡើងមានអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើល។ ស្ថិតក្នុងពេលនោះដែរ សមត្ថកិច្ចប្រមាណ ១៥០នាក់ បានចុះជួយធ្វើអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័ចំនួន ២គ្រឿងទឹកចំនួន ៩០០០លីត្រនិងគ្រាប់បែកពន្លត់អគ្គីភយ័ចំនួន ២០គ្រាប់ផងដែរ ទើបធ្វើឲ្យភ្លើងរលត់ជាស្ថាពរ។

លោក ឆៅ វុទ្ធា បានឲ្យដឹងទៀតថា ជនរងគ្រោះជាម្ចាស់រថយន្តមានឈ្មោះ ផៃ ជឿន អាយុ៣៥ឆ្នាំ មានប្រពន្ធឈ្មោះ សួន រដ្ឋា អាយុ២៨ឆ្នាំ មុខរបររកស៊ី។

ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ប៉ុន្តែបានឆេះរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ និងប្រេងចំនួន ៤៥កាន មានប្រេងសាំង ១០កាន និងប្រេងម៉ាស៊ូត ៣៥កាន៕