(មណ្ឌលគិរី)៖ កូនសត្វដំរីព្រៃញីមួយក្បាលមានអាយុប្រហែល១សប្ដាហ៍ មានអាការៈស្គមស្គាំងដែលប្រទះឃើញដេកដួលនៅចំណុចព្រៃសាក្រឹត ខេត្តមណ្ឌលគិរី បានស្លាប់បាត់បង់ជីវិត នៅវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០នេះ ដោយសារតែស្ថានភាពធ្ងន់ធ្ងរមិនអាចសង្គ្រោះបាន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី។

សូមរំលឹកថា មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានប្រទះឃើញកូនសត្វដំរីព្រៃញីមួយក្បាលនេះ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ក្នុងស្ថានភាពហត់អស់កម្លាំងខ្លាំង និងមានជំងឺនៅត្រង់អវយវៈពោះ និងមាត់ ស្ថិតនៅក្រោមបរិយាកាស និងអាកាសធាតុក្ដៅ។

ក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ក្រុមការងារបានធ្វើអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ដោយមានការចូលរួមពីអង្គការដៃគូ ដែលអាចធ្វើឲ្យកូនសត្វដំរីព្រៃ១ក្បាលនេះងើបឈរ និងដើរបាន។ ចាប់ពីយប់ថ្ងៃទី១៧-១៨-១៩ ខែមករា ឆ្នាំ២០២០ ក្រុមការងារបានខិតខំជួយសង្គ្រោះដោយបន្តការថែទាំ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីអាចឲ្យកូនសត្វដំរី ១ក្បាលនេះ ឆាប់ជាសះស្បើយពីស្ថានភាពជំងឺ។

ជាអកុសលនៅវេលាយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ កូនសត្វដំរីព្រៃ១ក្បាលនេះចាប់ផ្ដើមអស់កម្លាំង លែងកម្រើក លែងទទួលចំណី និងទឹក រហូតដល់វេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ថានភាព និងអាការៈរោគសញ្ញាជំងឺរបស់កូនសត្វដំរី១ក្បាលនេះ បានបាត់បង់ជីវិតគួរឲ្យសង្វេគ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងក្រុមការងារជួយសង្គ្រោះទាំងអស់ បានសម្តែងការសោកស្តាយចំពោះការបាត់បង់កូនសត្វដំរីព្រៃញីចំនួន១ក្បាលនេះ។ បើតាមការសន្និដ្ឋានរបស់អ្នកជំនាញ មូលហេតុធ្វើឱ្យមេ និងហ្វូងរបស់កូនសត្វដំរីព្រៃ១ក្បាលនេះ សម្រេចដើរចាកចោលកូនដំរីនេះ ដោយសារតែស្ថានភាព និងការវិវត្តនៃអាការៈជំងឺរបស់កូនដំរីនេះ មានសភាពធ្ងន់ធ្ងរខ្លាំង មិនអាចព្យាបាលជាសះស្បើយបាន៕