(សៀមរាប)៖ អ្នកធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានបង្ហាញអារម្មណ៍មិនល្អចំពោះការរង់ចាំដែលចំណាយពេលយ៉ាងយូរនៅកន្លែងត្រួតពិនិត្យលិខិតឆ្លងដែន។ លោក Steve Lidgey ដែលជាប្រធានក្រុមហ៊ុនទេសចរណ៍មួយនៅកម្ពុជា នៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានបង្ហោះសារលើ Facebook រៀបរាប់ពីការរង់ចាំរបស់ខ្លួននៅកន្លែងត្រួតពិនិត្យលិខិតឆ្លងដែន ដែលមានរយៈពេលរហូតដល់ទៅ៧៥នាទី។

លោក Steve Lidgey ជាជនជាតិអង់គ្លេស ដែលបានរួមចំណែកច្រើនក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប។ លោក ក៏បាននាំភ្ញៀវជាច្រើនមកកាន់ខេត្តសៀមរាបផងដែរ។

ជាមួយនឹងរូបភាពអ្នកដំណើរឈរត្រៀបត្រានៅកន្លែងត្រួតពិនិត្យលិខិតឆ្លងដែនក្នុងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប លោក Steve បានលើកឡើងថា រូបលោកត្រូវឈររង់ចាំស្មើនឹងការហោះហើទៅមករវាងក្រុងសៀមរាប និងបាងកក បើទោះបីរូបលោកត្រូវបានគេប្រាប់ឱ្យប្តូរជួរចំនួនពីរដងក៏ដោយនោះ។

ភាពយឺតយ៉ាវចំពោះការផ្តល់សេវាត្រួតពិនិត្យលើលិខិតឆ្លងដែនរបស់អ្នកដំណើរ គឺជាបញ្ហាមួយដែលនាំឱ្យអ្នកដំណើរតែងមានអារម្មណ៍ធុញទ្រាន់។ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ត្រូវបានគេអះអាងថា មានកន្លែងត្រួតពិនិត្យលិខិតឆ្លងដែនច្រើន ដែលអាចឆ្លើយតបទៅនឹងការធ្វើដំណើររបស់ភ្ញៀវ តែភាពយឺតយ៉ាវនេះ ព្រោះមិនមានវត្តមានរបស់មន្ត្រីទៅអង្គុយនៅកន្លែងត្រួតពិនិត្យលិខិតឆ្លងដែននោះ។

លោក Steve បានស្នើឱ្យបន្ថែមមន្ត្រីនគរបាលអន្តោប្រវេសន៍ត្រួតពិនិត្យលិខិតឆ្លងដែននេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះអ្នកដំណើរ។

ប្រធានក្រុមហ៊ុនទេសចរណ៍រូបនេះ មិនត្រឹមតែរអ៊ូរទាំពីរឿងរង់ចាំរហូតដល់ដល់ជាងមួយម៉ោងនោះទេ លោកក៏បានទម្លាយដែរថា នៅពេលរង់ចាំនោះមានមនុស្សរហូតដល់ទៅពីរនាក់ បានមកទារលុយពីរូបលោក។ លោក Steve ក៏បានរៀបរាប់បន្ថែមនៅលើ Facebook ថា ភ្ញៀវរបស់លោកធ្លាប់បានលើកឡើងពីបញ្ហាមន្ត្រីទារលុយជាថ្នូរនឹងការផ្តល់សេវាកម្មនេះផងដែរ។

លោកឧត្តមសេនីយ៍ត្រី ទឹម សុភា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានគូសបញ្ជាក់ថា ការកកស្ទះនៅយប់មិញនេះ ដោយសារតែមានជើងហោះហើរចុះក្នុងពេលដំណាលគ្នារហូតដល់ទៅ ៦-៧យន្តហោះ។ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបរូបនេះ បានបន្ថែមថា កន្លែងផ្តល់សេវាពិនិត្យលិខិតឆ្លងដែនមានចំនួន១៤ក្នុងព្រលាននេះ ត្រូវបានបើកទាំងអស់កាលពីយប់មិញ ខណៈមន្ត្រីបានផ្លាស់ប្តូរវេនគ្នាផ្តល់សេវាផងដែរ។

លោក ទឹម សុភា បានលើកឡើងទៀតថា ការយឺតយ៉ាវនៅព្រលានយន្តហោះអន្តរជាតិនេះ គឺនៅមានរយៈពេលខ្លីនៅឡើយទេ បើធៀបជាមួយបណ្តាប្រទេសជិតខាងកម្ពុជាដូចជានៅវៀតណាមជាដើម ដែលពេលខ្លះភ្ញៀវត្រូវរង់ចាំរហូតដល់ទៅពីរម៉ោងក៏មាន។

ពាក់ព័ន្ធការលើកឡើងថា មានមន្ត្រីទៅសួរនាំរកលុយ ដើម្បីជាថ្នូរនឹងការផ្តល់សេវាបានឆាប់រហ័សពីអ្នកដំណើរនោះ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ទឹម សុភា បដិសេធ និងច្រានចោល។ លោកបានអះអាងថា មិនមានមន្ត្រីក្រោមឱវាទរបស់លោកណាម្នាក់ទៅធ្វើរឿងបែបនេះនោះឡើយ ហើយបើធ្វើត្រូវបានលោករកឃើញនឹងត្រូវរងពិន័យ ឬដកបញ្ឈរជើង។

អ្នកទេសចរនៅក្នុងខេត្តសៀមរាប ត្រូវបានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះខ្លាំងតាំងពីពាក់កណ្តាលឆ្នាំ២០១៩មក។ សណ្ឋាគារលំដាប់ផ្កាយមួយចំនួនក្នុងខេត្តនេះ បានសម្រេចចិត្តបិទទ្វារ ខណៈខ្លះទៀតកាត់បន្ថយបុគ្គលិក ព្រោះតែមិនអាចរាប់រងការចំណាយ។

ការធ្លាក់ចុះភ្ញៀវនេះ ត្រូវបានគេអះអាងថា មកពីភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា បានផ្លាស់ប្តូរគោលដៅទេសចរណ៍ទៅកាន់កន្លែងផ្សេង ខណៈខ្លះទៀតអះអាងថា មកពីខេត្តសៀមរាបមិនមានផលិតផលទេសចរណ៍ថ្មី ក្រៅតែពីការទស្សនាប្រាង្គប្រាសាទ។ ក្នុងនោះភាពយឺតយ៉ាវ និងបញ្ហាអសកម្មមួយចំនួននៃការផ្តល់សេវានៅក្នុងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ត្រូវបានគេចាត់ទុកជាបញ្ហាមួយនាំឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកទេសចរផងដែរ៕