(ភ្នំពេញ)៖ សេចក្ដីជូនដំណឹងមួយរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលភ្នាក់ងារ Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ នឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដី ដែលស្ថិតនៅក្នុងតំបន់វិនិឆ្ឆ័យ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០តទៅ។

បើតាមសេចក្ដីជូនដំណឹងរបស់លោក ឃួង ស្រេង ក៏បានបង្ហាញថា ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់) ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដីកន្លងមក ក្នុងតំបន់វិនិឆ្ឆ័យនេះ នឹងត្រូវអស់សុពលភាព តាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនប័ត្រ សម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះតទៅ។

ក្នុងសេចក្ដីជូនដំណឹងនេះ បានធ្វើឡើងយោងអនុក្រឹត្យលេខ១២២ អនក្រ បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្ដីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ក្រោមដំណើរការនៃការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឫដាក់ធានាពាក់ព័ន្ធក្បាលដីក្នុងតំបន់វិនិឆ្ឆ័យ សូមយកប័ណ្ណទាំងនោះ មកជូនមន្ត្រីរដ្ឋបាលសុរិយោដីធ្វើនិយ័តកម្ម ដើម្បីការធានាប្រាក់របស់លោកអ្នក។

សេចក្ដីដូចបានជម្រាបជូនខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សូមម្ចាស់ក្បាលដី ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុកន្លងមក មេត្តាយកប័ណ្ណ ទាំងនោះ មកប្រគល់ឲ្យមន្ត្រីរដ្ឋបាលសុរិយោដី នៅភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ជាកំហិត៕