(ព្រៃវែង)៖ សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលឲ្យពីរនាក់ម្ដាយកូនស្លាប់ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការពីសមត្ថកិច្ចជំនាញខេត្ត និងតុលាការខេត្តព្រៃវែង នៅឡើយទេ។

គ្រួសាររងគ្រោះ បានអំពាវនាវឲ្យស្ថាប័នតុលាការខេត្ត មេត្តាជួយរកយុត្តិធម៌ និងពន្លឿននីតិវិធីច្បាប់ និងសូមអំពាវនាវឲ្យនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលជាប្រធានក្រុមការងារចុះជួយស្រុកស្វាយអន្ទរ មេត្តាជួយរកយុត្តិធម៌ និងជួយពិនិត្យមើលរឿងនេះ ព្រោះនៅពេលនេះមិនទាន់មានសំណងដល់គ្រួសារសព ខណៈជនល្មើសបន្ដរត់គេចខ្លួនបាត់។

ថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ លោក ចៃ ជីម អាយុ៤០ឆ្នាំ មានទីលំនៅភូមិពោធ៌ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលជាកូនបង្កើត និងបងបង្កើតរបស់សពពីរនាក់ម្តាយកូន បានរៀបរាប់ទាំងទឹកភ្នែកថា សំណុំរឿងដែលបានប្តឹង ឈ្មោះ ជាម ធាវី ដែលប្រកបរបរជុសជុលរថយន្ត នៅផ្លូវជាតិលេខ៨ វង្វង់មូលស្វាយអន្ទរ ពីបទបើកបរធ្វេសប្រហែស បណ្តាលឲ្យអ្នកដទៃស្លាប់ និងបានទាមទារសំណងជំងឺចិត្ត៥ម៉ឺនដុល្លារ មិនទាន់មានចំណាត់ការពីតុលាខេត្តព្រៃវែងនៅឡើយទេ ខណៈលោកប្តឹងទៅតុលាការខេត្ត តាំងពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩មកម្លេះ។

បើតាមរបាយការណ៍ដែល លោក ចៃ ជីម បានប្តឹងទៅតុលាការខេត្តព្រៃវែង បានឲ្យដឹងថា កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១១៖១០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិពោធ៌ជ្រៃ ឃុំស្វាយអន្ទរ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក TOYOTA HIHGLANDER ពាក់ផ្លាកលេខភ្នំពេញ2AH-7974 បើកបរដោយឈ្មោះ ជាម ធាវី ភេទប្រុស មុខរបរជាងជុសជុលរថយន្ត នៅរង្វង់មូលស្វាយអន្ទរ បានបើកបរស្ថិត ក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុកគោយន្តកន្ត្រៃពីក្រោយ ដែលកំពុងបើកបរលើដងផ្លូវក្នុងទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះ ចៃ គីម អាយុ៣៧ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នកជិះម្នាក់ទៀតត្រូវជាម្តាយបង្កើតឈ្មោះ សាត សៀក អាយុ៦៣ឆ្នាំ ក៏បានស្លាប់នៅកន្លែងកើតហេតុផងដែរ។

តាមរបាយការណ៍ នៃពាក្យបណ្តឹង បានបញ្ជាក់ទៀតថា នៅពេលគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ បងប្អូនរបស់លោក ចៃ ជីម បានទៅដល់កន្លែងកើតហេតុ ក៏បានឃើញឈ្មោះ ជាម ធាវី កំពុងឈរជិតរថយន្តបង្កហេតុខាងលើ និងកំពុងនិយាយទូរស័ព្ទក្នុងស្ថានភាពស្រវឹងជោគជាំ។

ពេលនោះដោយសារការស្គាល់ជាមួយគាត់ ក៏បានឲ្យគាត់ចូលទៅអង្គុយ ក្នុងរថយន្តបង្កហេតុខាងលើ ដើម្បីរង់ចាំសមត្ថកិច្ចចុះមកដល់ ពេលគាត់អង្គុយក្នុងរថយន្តបានពិនិត្យឃើញថា ជនល្មើសបាននិយាយទូរស័ព្ទជាហូហែរ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានរថយន្តមួយ បានបើកហួសទីតាំងកន្លែងកើតហេតុនោះបន្តិច ស្រាប់តែជនល្មើសឈ្មោះ ជាម ធាវី ក៏បានបើកទ្វារថយន្តរបស់ខ្លួន និងរត់ចេញយ៉ាងលឿនសំដៅទៅរថយន្ត ដែលនៅជិតនោះហើយក៏ឡើងជិះរថយន្តនោះ បើកចេញទៅយ៉ាងលឿនរត់គេចខ្លួនបាត់។

បើតាម លោក ចៃ ជីម ត្រូវជាកូន និងបងនៃសព ក៏បានសំណូមពរលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រៃវែង មេត្តាសម្រេចចោទប្រកាន់ជនល្មើស ជាម ធាវី ដើម្បីទទួលខុសត្រូវព្រហ្មទណ្ឌ និងទាមទារសំណងលើព្យសនកម្ម ដែលកើតមានបណ្តាលឲ្យប្អូនប្រុស និងម្តាយបង្កើនបានស្លាប់ និងគោយន្តកន្ត្រៃមួយគ្រឿង រងការខូចខាតទាំងស្រុងដែលសរុបជាទឹកប្រាក់ ចំនួន៥០,០០០ដុល្លារអាមេរិក។

ប្រជាពលរដ្ឋស្រុកស្វាយអន្ទរ បានឲ្យដឹងថា បុគ្គលឈ្មោះ ជាម ធាវី នេះធ្លាប់បង្កគ្រោះថ្នាក់ចរាចរមួយដងទៅពីរដងរួចមកហើយ ដោយបានជិះម៉ូតូបុកគេ ហើយបង់លុយបន្តិចបន្តួចរួចខ្លួន មិនដឹងថា អាងខ្នងខាងណានោះទេបានជាបុគ្គលរូបនេះ មានចរិកក្រអឺតក្រទមបុកគេហើយ មិនទទួលខុសត្រូវបែបនេះ។

សូមបញ្ជាក់ថា ស្ថានភាពគ្រួសាររងគ្រោះ គឺជាគ្រួសារក្រីក្រមួយ នៅក្នុងភូមិហើយបានបាត់បង់ម្តាយ កូនដល់ទៅពីរនាក់ ក្នុងមួយពព្រិចភ្នែក ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដោយសព្វថ្ងៃកូនៗ ចំនួន៤នាក់ បានចេញទៅរកស៉ីក្រៅស្រុក ចំណែកឪពុកចាស់ នៅចាំផ្ទះជាមួយកូនស្រីម្នាក់ ពិតគួរឲ្យអាណិតអាសូរណាស់ មួយវិញទៀត មិនទាន់រកយុត្តិធម៌ និងសំណងដល់គ្រួសារសពនៅឡើយ៕