(កំពត)៖ បន្ទាប់ពីទទួលដំណឹងពាក់ព័ន្ធនឹងការចាក់ដីរំលោភចូលព្រៃកោងកាង នៅចំណុចដីព្រៃសហគមន៍នេសាទព្រែកត្នោត ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត លោក ឃុន សាវឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩នេះ បានសហការជាមួយរដ្ឋបាលខេត្តកំពត ដែលដឹកនាំដោយ លោក ជាវ តាយ អភិបាលខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែង។

នៅក្នុងការចុះពិនិត្យរបស់ប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនិងរដ្ឋបាលខេត្តកំពត ចុះស្រាវជ្រាវ ព្រមទាំងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ជាលទ្ធផលប្រតិភូពិតជាឃើញថា ការចាក់ដីរំលោភរបស់ក្រុមហ៊ុន ពិតជាមានការរំលោភពិតប្រាកដមែន។

លោក អ៊ុក សុវណ្ណារិទ្ធ ប្រធានសហគមន៍នេសាទព្រែកឆ្នោត តំណាងឲ្យប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ បានសំណូមពរដល់ លោកអភិបាលខេត្តកំពត រកវិធីដោះស្រាយជួយដល់សហគមន៍ ពីព្រោះអ្នកចាក់រំលោភយកដីសហគមន៍ទាំងស្រុង ទោះបីរូបលោក បាននិយាយជាមួយអ្នករំលោភចាក់ដីយ៉ាងណាក៏ដោយចុះ ក៏អ្នករំលោភមិនអនុវត្តតាមដែរ ហើយថែមទាំងឈូសបំបែកបង្គោលព្រំចែកខ័ណ្ឌសហគមន៍ថែមទៀតផង។ លោកប្រធានសហគមន៍ក៏បានសំណូមពរដល់អភិបាលខេត្ត ធ្វើយ៉ាងណាជំរុញឲ្យអ្នកចាក់ដី ត្រូវចាក់លើបង្គោលព្រំ ហើយបើចាក់នៅក្នុងបង្គោលព្រំរបស់សហគមន៍នោះ វាធ្វើឲ្យប៉ះពាល់ព្រៃកោងកាង ព្រោះព្រៃកោងកាងវាជាជម្រកដល់ជីវចំរុះគ្រប់ប្រភេទដែលវារស់រាននៅក្នុងសមុទ្រ។ លោកប្រធានសមាគមក៏សំណូមពរឲ្យក្រុមហ៊ុនធ្វើការកាយយកអាចម៍ដីឡើងវិញឲ្យអស់ផងដែរ។

លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល បានមានប្រសាសន៍ថា: ការលើកឡើង និងសំណូមពររបស់សហគមន៍នេះពិតជាត្រឹមត្រូវ ទៅតាមខ្លឹមសារ និងផ្នែកវិទ្យាសាស្រ្ត។

លោកអភិបាលខេត្ត ជាវ តាយ បានលើកបញ្ជាក់ថា: អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋក្នុងសហគមន៍គឺជាកង្វល់របស់រាជរដ្ឋាភិបាល។ ដូច្នេះរដ្ឋបាលខេត្តគ្មានអ្វីដែលទុកបណ្ដោយឲ្យការរំលោភបំពានណាមួយ ដែលផ្ទុយនឹងការអនុវត្តច្បាប់នោះទេ។ ដូចសហគមន៍ បានលើកឡើងនៅមុននេះថា តំបន់នេះជាព្រៃកោងកាង ហើយបើសិនអនុវត្តធ្វើផ្លូវហេដ្ឋារចនាសម្ព័ន្ធ សូមឱ្យបង្ខិតទៅលើហើយអ្វីជាដំណោះស្រាយ វាមាន៣ចំណុច៖

ទី១៖ គឺយើងផ្អាកក្រុមហ៊ុនមិនឲ្យមានធ្វើសកម្មភាពចាក់បន្តទៀត ជាដាច់ខាត។

ទី២៖ អ្វីដែលជាកង្វល់របស់ប្រជាពលរដ្ឋ ដែលក្រុមហ៊ុនចាក់ដីរំលោភចូលឆ្នេរ ចូលក្នុងព្រៃកោងកាង យើងនឹងឲ្យក្រុមហ៊ុនកាយចេញវិញឲ្យអស់ ដោយមិនទុករបៀបនេះទេ និង

ទី៣៖ ប្រយោជន៍របស់សហគមន៍ ឬប្រជាពលរដ្ឋនៅក្នុងភូមិនេះ ដែលយើងត្រូវធ្វើវេទិកាសាធារណៈមួយ រួមមាន: សហគមន៍ មានភូមិ មានឃុំ និងប្រជាពលរដ្ឋ នៅក្នុងតំបន់នេះថាតើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតំបន់នេះតើមានប្រយោជន៍ដល់ប្រជាពលរដ្ឋដែរឬអត់? ប្រសិនជាកិច្ចប្រជុំក្នុងវេទិកាសាធារណៈនោះ ឃើញថាមានប្រយោជន៍ គឺប្រជាពលរដ្ឋទាំងអស់ត្រូវគាំទ្រ អ្វីជាគម្រោងរបស់ក្រុមប្រឹក្សាឃុំដែលគាត់លើកឡើង ហើយប្រសិនបើគ្មានប្រយោជន៍គឺលើកឡើងឱ្យចំៗ ពីព្រោះយើងមិនចង់ឲ្យការអភិវឌ្ឍណាដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះទេ។

ក្រោយពីរូបលោកបានស្ដាប់សំណូមពររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចប្រតិភូរាជរដ្ឋាភិបាល និងប្រតិភូអមដំណើរទាំងអស់ ព្រមទាំងអ្នកសារព័ត៌មាន លោកអភិបាលខេត្តថា នេះជាកិច្ចការមួយរួមចំណែក និងកែលម្អ នូវការខ្វះខាតណាមួយដែលប៉ះពាល់ ដល់ប្រជាពលរដ្ឋ ដូច្នេះក្នុងនាមរដ្ឋបាលខេត្ត និងអាជ្ញាធរទទួលយកសំណូមពរ របស់ប្រជាពរដ្ឋ ដើម្បីអនុវត្តអ្វីដែលជាការរំលោភ ហើយប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋ ហើយក្នុងនាមលោកជាអភិបាលខេត្ត ក្នុងនាមរដ្ឋបាលខេត្ត ត្រូវធ្វើកិច្ចការងារនេះបន្តទៀតដើម្បីឆ្លើយតបតាមការសំណូមពររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល។ ហើយដីដែលក្រុមហ៊ុនចាក់រំលោភនេះគឺប្រមាណជាជាង ៨០ម៉ែត្រប៉ុណ្ណោះ៕