(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់យុទ្ធនាការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្តីពី «ការបន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ» នៅតាមផ្លូវជាតិលេខ១ និងលេខ៥ដោយបានផ្តល់មួកសុវត្ថិភាព ដល់សិស្សានុសិស្សជិត២ពាន់មួក។

ក្នុងពិធីបិទយុទ្ធនាការ អប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមប្រធានបទ «បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ» ដែលជាយុទ្ធនាការអប់រំផ្សព្វផ្សាយទទួលបានការគាំទ្រ ដោយអង្គការមូលនិ ធិសមាហរណក ម្មជប៉ុន-អាស៊ាន ហៅកាត់ថា JAIF កាលពីថ្ងៃទី១៨ ខែមករា លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងថា យុទ្ធនាការ «បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ» គឺជាយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមួយដែលមានគោលបំណងពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលងាយប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគឺកុមារ ដើម្បីឱ្យពួកគេមានការប្រុងប្រយ័ត្ន និងយល់ដឹងនូវចំណេះដឹងមូលដ្ឋាន អំពីខ្លឹមសារភ្លើងសញ្ញាចរាចរណ៍ ផ្លាកសញ្ញាចរាចរណ៍ដែលកុមារត្រូវយល់ដឹង វិធានសុវត្ថិភាពចរាចរណ៍សម្រាប់ថ្មើរជើង ប្រការត្រូវចៀសវាង នៅពេលឆ្លងផ្លូវរួមទាំងការង្ហាត់បង្រៀនអំពីរបៀបក្នុងការឆ្លងផ្លូវដោយប្រើប្រាស់រនាំងសុវត្ថិភាពពីមន្ត្រីជំនាញផ្នែកសុវត្ថិភាពចរាចរណ៍ ព្រមទាំងទទួលនូវសម្ភារសិក្សា ក៏ដូចជាការទទួលបានមួកសុវត្ថិភាពក្នុងកម្មវិធីសំណួរ ចម្លើយនៃយុទ្ធនា ការនេះ។

លោកបានបន្តថា យុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក «បន្ថយល្បឿន ដើម្បីអាយុជីវិតកុមារ»នេះ បានចាប់ផ្តើមការបណ្តុះបណ្តាលដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ៥ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ និងបានចែកចេញជា២ដំណាក់កាល គឺតំណាក់កាលទី១ ធ្វើឡើងនៅសាលាបឋមសិក្សានៅតាមផ្លូវជាតិលេខ១ បានចំនួន ១៨សាលា និងនៅតាមផ្លូវជាតិលេខ៥ ពីភ្នំពេញ ដល់ខេត្តពោធិ៍សាត់បានចំនួន ៤០សាលា។ សម្រាប់តំណាក់កាលទី២ គឺពីខេត្តពោធិ៍សាត់ ដល់បាត់ដំបង បានចំនួន ២៥សាលា។

លោកបន្ថែមថា សរុបទាំងពីរដំណាក់កាល ក្នុងសាលាបឋមសិក្សាទាំង ៨៣សាលា មានសិស្សានុសិស្សដែល ទទួលបានការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍នេះ មានចំនួន ៨.៦១០នាក់ និងបានផ្តល់រនាំងសុវត្ថិភាពចំនួន៣៣២រនាំង អាវចំណាំង ចំនួន៨៣០អាវ កញ្ចែចំនួន ១៦៦គ្រាប់ ផ្លាកឈប់ចំនួន ១៦៦ផ្លាក បដាដែលមានសារសុវត្ថិភាពចំនួន ១៦៦ផ្ទាំង ស្ទីកឃ័រចំណាំងផ្លាតចំនួន ១៦.៦០០សន្លឹក និងមួកសុវត្ថិភាពចំនួន ១.៦៦០មួក។

ក្នុងឱកាសនោះដែរ លោក ព្រំ វន្ថា បានលើកឡើងអំពីបញ្ហាប្រ ឈមដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតមានឡើងជារៀងរាល់ថ្ងៃ ទៅលើអ្នកប្រើប្រាស់ផ្លូវទាំងអស់ និងជាពិសេសកុមារដែលជាវ័យសិក្សារៀនសូត្រទទួលចំណេះដឹង។

លោកបានគូសបញ្ជាក់ថា តាមរយៈរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន ៤.១២១លើក បណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១.៩៨១នាក់ និងរបួសចំនួន ៦.១៤១នាក់ ដែលជាមធ្យមក្នុងមួយថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន១១ករណី អ្នកស្លាប់ចំនួន ៥នាក់ និងរបួសចំនួន ១៧នាក់។

មូលហេតុចម្បង ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺការបើកបរលើសល្បឿនកំណត់ (៣៨%) និងបន្ទាប់គឺការមិនគោរពសិទ្ធិអាទិភាព (២៣.២០%) មិនប្រកាន់ស្តាំ (១២.៩%) ប្រជែង (៨.៨១%) បត់គ្រោះថ្នាក់ (៨.៦៧%) ស្រវឹង (៤.៧៣%) ផ្សេងៗ (១.១០%)។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលជា អ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោកឱ្យថយចុះមកនៅកម្រិតទាបបំផុត៕