(ភ្នំពេញ)៖ មជ្ឈមណ្ឌលពាណិជ្ជកម្ម TCC បានប្រកាសចាប់ផ្ដើមលក់ខុនដូប្រណិតតម្លៃសមរម្យ ក្រោយទទួលបានជោគជ័យ លើគម្រោងផ្សារ ដែលបច្ចុប្បន្នដំណើរការលក់ និងសាងសង់សម្រេចបាន៨០ភាគរយ ទៅហើយនោះ។

ការប្រកាសជាផ្លូវការត្រូវបានធ្វើឡើង នាព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ម្សិលមិញ ដោយមានការចូលរួមយ៉ាងកុះករ ពីសំណាក់អថិជនចាស់ថ្មី នៅការិយាល័យលក់នាទីតាំងកំពង់ផែស្វយ័តក្រុងភ្នំពេញ។

លោក ឈិន តៃអាន អគ្គនាយកក្រុមហ៊ុន យ៉ុនណាន សេងម៉ៅ អ៊ិនវ៉េសមែន និងជាម្ចាស់គម្រោងអគាពាណិជ្ជកម្ម TCC បានឱ្យដឹងថា គម្រោងខុនដូប្រណិតកម្ពស់២០ជាន់ កំពុងចាប់ផ្ដើមដំណើរការសាងសង់ ដោយរួចរាល់នៅឆ្នាំ២០២២ ព្រមទាំងដាក់លក់ក្នុងតម្លៃសមរម្យ បើប្រៀបធៀបជាមួយនឹងគម្រោងដូចគ្នានេះ។

ព្រោះអ្នកវិនិយោគរូបនេះ បានអះអាងថា លោកក៏ចង់ចូលរួមចំណែកធ្វើឱ្យប្រជាជនកម្ពុជា មានលំនៅឋានសមរម្យ ជាពិសេសនៅតំបន់អគាពាណិជ្ជកម្ម ប្រមូលផ្ដុំដោយសារការទិញទំនិញ ការកម្សាន្ត និងគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងមន្ទីរពេទ្យលំដាប់អន្តរជាតិផងដែរ។

បើតាមអគ្គនាយកដដែល ខុនដូប្រណិតនេះ មានតម្លៃចាប់ពីជាង៣០០០០ដុល្លារប៉ុណ្ណោះ រួមទាំងមានលក្ខណ្ឌបង់ប្រាក់ងាយស្រួលច្រើនជម្រើស តម្រូវតាមស្ថានភាពជីវភាពរបស់ពលរដ្ឋកម្ពុជា។ ផែនការរបស់ក្រុមហ៊ុននឹងសាងសង់ខុនដូចំនួន១០អគារ អមជាមួយនឹងអគាមជ្ឈមណ្ឌល ពាណិជ្ជកម្មផ្សារបោះដុំ ដែលកំពុងលេចរូបរាងបណ្ដើរៗ ហើយគ្រោងនឹងប្រគល់សោរ ឱ្យអាជីវករចូលលក់ដូរនៅខែមិថុនា ឆ្នាំ២០២០ខាងមុខ។

យ៉ាងណាក៏ដោយ បើតាមលោក សាន ភារិន អគ្គនាយកក្រុមហ៊ុន ជឹងខៃទឺរ ដែលជាភ្នាក់ងារលក់អចលនៈទ្រព្យមួយ នៅកម្ពុជាបានបង្ហាញ នូវក្ដីរំពឹងខ្ពស់ចំពោះភាពជោគជ័យនៃដំណើរការលក់គម្រោងខុនដូប្រណិតខាងលើ ព្រោះលក្ខណ្ឌតម្លៃសមរម្យ សមស្របតាមជីវភាពប្រជាជន និងមានទីតាំងល្អកណ្ដាលរាជធានីភ្នំពេញ ជាពិសេស គឺអតិថជនចាស់ដែលធ្លាប់បានទិញគម្រោងផ្សាររួចហើយ។

សូមបញ្ជាក់ថា គម្រោងអាគារណិជ្ជកម្ម TCC និងអាគារខុនដូប្រណិត ត្រូវបានសាងសង់លើផ្ទៃដី១០ហិចតា នៅលើទីតាំងឃ្លាំងកំពង់ផែស្វ័យ័ត ក្រុងភ្នំពេញ នៅក្បែរស្ពានដែកបាឡេ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដោយមានទុនវិនិយោគប្រមាណ១០០០លានដុល្លារអាមេរិក។ តាមផែនការមេ នៅពេលការសាងសង់រួចរាល់ទីនោះ នឹងក្លាយជាទីផ្សារដែលមានទំនិញចម្រុះ, ជាមជ្ឈមណ្ឌលទំនិញបោះដុំអន្តរជាតិ និងជាកន្លែងទេសចរណ៍ ព្រមទាំងកន្លែងកម្សាន្តដ៏ធំមួយនៅកម្ពុជា ប្រមូលផ្ដុំមមនុស្សពីគ្រប់ទិសទី។

បន្ថែមលើការចូលរួមភិវឌ្ឍប្រទេសកម្ពុជា ដោយផ្ទាល់ក្រុមហ៊ុនមួយនេះ ក៏បានចូលរួមចំណែកបន្ថែទៀតដល់វិស័យអប់រំនៅកម្ពុជា តាមរយៈការផ្ដល់អាហាររូបករណ៍ដល់និស្សិតខ្មែរ មានសមត្ថភាពជិត២០នាក់ ទៅបន្តការសិក្សានៅប្រទេសចិន លើជំនាញសាងសង់ និងជំនាញសំខានៗ មួយចំនួនទៀត ដើម្បីឱ្យពួកគេយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ប្រទេសកំណើតផងដែរ៕