(កំពង់ចាម)៖ ក្នុងឱកាសអញ្ជើញជាតំណាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវគ្រួសក្រហមមួយខ្សែ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម លោក ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិភាពថ្ងៃនេះ ជាសន្តិភាពរួមរបស់ប្រជាជាតិខ្មែរទាំងមូល ហើយយើងមិនអាចមើលឃើញការខ្វះខាត និងបញ្ហាតូចតាចមួយចំនួន ហើយភ្លេចគុណតម្លៃនៃសន្តិភាព ដែលជាអាយុជីវិតរបស់យើងនោះឡើយ។

ពិធីនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សង្គ្រាមបានបញ្ចប់ជាយូរមកហើយ ប៉ុន្តែលោកតា លោកយាយ នៅតែចងចាំច្បាស់ណាស់អំពីផលវិបាកនៃសង្គ្រាម ដោយសារលោកតា លោកយាយ ធ្លាប់បានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាមផ្ទាល់ ដែលបទពិសោធន៍នេះ អាចឲ្យយើងចាប់អារម្មណ៍អំពីតម្លៃ នៃសន្តិភាព។

បើតាមលោក ហ៊ុន ម៉ាណែត លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ ដែលមានជីវិតរស់រួចផុតពីសង្គ្រាម សុទ្ធតែជាអ្នកមានបុណ្យ។ បុណ្យដែលផ្តល់ដោយពី ០៧ មករា ១៩៧៩ ដែលជាថ្ងៃប្រវត្តិសាស្ត្រ ជាថ្ងៃនៃការរស់រានមានជីវិតឡើងវិញជាក់ស្តែង ហើយបុណ្យនេះ បានធ្លាក់បន្តទៅឲ្យកូនចៅប្រជាជនយើង បន្តទៀតផងដែរ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានអរគុណផងដែរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងបានគាំទ្រជានិច្ចឲ្យសម្តេច មានឱកាសដឹកនាំប្រទេសជាតិបន្តទៅមុខទៀត។

លោកអះអាងថា អារម្មណ៍ខ្វល់ខ្វាយរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី គឺតែងតែនៅដក់ជាប់ ជាមួយនឹងទឹកដី ជាមួយនឹងប្រជាជន និងតែងបានខិតខំបម្រើ ប្រជាជនខ្មែរទាំងអស់ ធ្វើយ៉ាងណារក្សាសន្តិភាព កុំឲ្យប្រជាជនវេទនាសារជាថ្មី ដោយសារសង្គ្រាម, ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ផ្លូវថ្នល់ ទឹក ភ្លើង, ខិតខំទាក់ទាញវិនិយោគមកបង្កើតរោងចក្រ បង្កើតការងារ និងបង្កើនឱកាសនានាគ្រប់បែបយ៉ាងឲ្យដល់ប្រជាពលរដ្ឋទាំងអស់គ្នា៕