(ប៉េកាំង)៖ អាជ្ញាធរទីក្រុង Wuhan ដែលស្ថិតនៅភាគកណ្តាលប្រទេសចិន បានឲ្យដឹងថា នាពេលនេះ វីរុសផ្លូវដង្ហើមអម្បូរ Coronavirus ប្រភេទថ្មី បានឆ្លងដល់មនុស្សចំនួន៦២នាក់ហើយនៅក្នុងទីក្រុងនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២០។

ការឆ្លងវីរុសថ្មីខាងលើបានផ្ទុះឡើងនៅទីក្រុង Wuhan របសចិន ខណៈប្រភពចម្លងត្រូវបានអាជ្ញាធរចិនដាក់ការសង្ស័យទៅលើ ផ្សារលក់ សត្វរស់និងគ្រឿងសមុទ្រមួយកន្លែងនៅក្នុងទីក្រុងនេះ។ ក្នុងចំណោមមនុស្ស៦២នាក់ ដែលបានឆ្លងវីរុសនេះនៅចិន មាន២នាក់បានស្លាប់ ៨នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ១៩នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ចំណែកឯអ្នកដទៃទៀត គឺ កំពុងស្ថិតនៅក្រោមការពិនិត្យតាមដាន និងព្យាបាលដដែល។

បើតាមអាជ្ញាធរចិន អ្វីដែលគួរឲ្យកត់សម្គាល់ គឺក្នុងចំណោមប៉ុន្មានករណីចុងក្រោយនៃអ្នកឆ្លងវីរុស មានមួយចំនួនពុំធ្លាប់ មាន ទំនាក់ទំនងជាមួយផ្សាលក់សត្វនិងគ្រឿងសមុទ្រខាងលើ ដែលកន្លងមកត្រូវគេជឿជាក់ថា ជាប្រភពចម្លងវីរុសនេះឡើយ ជាហេតុធ្វើឲ្យមានការសង្ស័យថា អាចមានប្រភពចម្លងនៅកន្លែងផ្សេងទៀត។ ជាមួយគ្នាដែរ ការវាយប្រហារនៃវីរុសនេះកំពុងក្លាយ ជាក្តីព្រួយបារម្ភដ៏ធំមួយសម្រាប់អាជ្ញាធរចិន ព្រោះតែបុណ្យចូលឆ្នាំចិនជិតចូលមកដល់ហើយ ដែលជាពេលប្រជាជនចិនរាប់រយ លាននាក់ ត្រូវធ្វើដំណើរទៅមកនៅទូទាំងប្រទេស។ យ៉ាងណាមិញ ពុំទាន់មានករណីឆ្លងវីរុសនេះពីមនុស្សទៅមនុស្សនៅឡើយទេ ប៉ុន្តែទាំងអាជ្ញាធរចិនផ្ទាល់ និងអង្គការសុខភាពពិភពលោក សុទ្ធតែបានណែនាំឲ្យគ្រប់គ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់។

គួរជម្រាបថា ក្រៅពីនៅក្នុងប្រទេសចិន ថៃក៏បានរកឃើញករណីឆ្លងវីរុសខាងលើផងដែរ ក្នុងខ្លួនអ្នកដំណើរជនជាតិចិនពីរនាក់ ដែលបានធ្វើដំណើរមកពីក្រុង Wuhan ហើយនៅជប៉ុនវិញបានរកឃើញមួយករណី ក្នុងខ្លួនបុរសជនជាតិជប៉ុនម្នាក់ បន្ទាប់បុរស ម្នាក់នោះបានត្រឡប់មកពីក្រុង Wuhan របស់ចិន៕