(ពោធិ៍សាត់)៖ កម្មករ៨នាក់រងរបួសធ្ងន់ និង២១នាក់ រងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ បន្ទាប់ពីត្រូវរថយន្តយីឌុប១គ្រឿង ដែលមានអ្នកបើកបរក្នុងល្បឿនលឿន ទៅបុកពីក្រោយរថយន្តដឹកកម្មករ។

មន្ត្រីនគរបាលស្រុកក្រគរ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Freah News ឲ្យដឹងថា មានរថយន្តបង្កម៉ាក មុីតស៊ុយនីសុី (ហ្វុយសូ) ធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣E-៣៦៥៦ ធ្វើចរាចរណ៍ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ បានបុករថយន្តម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២X-៩៧៣៥ កំពុងដឹកកម្មការនីចេញពីធ្វើការនៅរោងចក្រកាត់ដេរតៃអ៊ីហ្ស៊ី ស្រុកក្រគរ ធ្វើចរាចរណ៍ស្របទិសគ្នាពីកើតទៅលិច បណ្តោលលឲ្យរងរបួស មនុស្ស ២៩នាក់ (កម្មការិនី) ក្នុងនោះរងបួសធ្ងន់មនុស្ស ៨នាក់។

នគរបាលបានឱ្យដឹងទៀតថា៖ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារ រថយន្តបង្កបើកបរក្នុងល្បឿនលឿន។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រីឯវត្ថុតាងមានរថយន្តទាំង២គ្រឿង ត្រូវបានប្រគល់ជូនទៅចរាចរណ៍ផ្លូវគោក ខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕