(ភ្នំពេញ)៖ បន្ទាប់ចុះពិនិត្យស្រាវជ្រាវលើករណីជនសង្ស័យម្នាក់ស្លាប់ ពាក់ព័ន្ធនឹងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនោះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរកឃើញកំហុសមួយចំនួន ព្រមទាំងបានចាប់ខ្លួនបញ្ជូន មន្រ្តីអាវុធហត្ថខេត្តបន្ទាយមានជ័យ២រូប ទៅកាន់តុលាការ។ នេះបើតាមសេចក្តីប្រកាសរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

សេចក្តីប្រកាសរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា៖ បន្ទាប់ពីទទួលបាននូវព័ត៌មានភាពមិនប្រក្រតីនៃការអនុវត្តតួនាទី ភារកិច្ចបណ្តាលឱ្យស្លាប់ជនសង្ស័យដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន, កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវ ផ្ទៀងផ្ទាត់ ជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម ៖

១៖ នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន។ -វរសេនីយ៍ឯក ស ប៊ុនសឿង អត្តលេខៈ ១៩៧៣៩២ មុខងារៈ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង-អនុសេនីយ៍ទោ ឆយ រដ្ឋនា អត្តលេខៈ ១៩៧៣៩៩ មុខងារៈ ជំនួយការការិយាល័យប្រឆាំងគ្រឿងញឿន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។

២៖ ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ចដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឱ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ។ ក្រោយពីការបញ្ជូនខ្លួនទៅកាន់ពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានស្លាប់។

៣៖ ជាវិធានការ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿង នាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចោទប្រកាន់តាមច្បាប់។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស៖