(កំពត)៖ កម្មករម្នាក់ត្រូវកម្មករគ្នាឯងចាក់នឹងកាំបិតសម្លាប់ ដោយសារហូបគ្រឿងស្រវឹង ទាស់សម្តីគ្នា នៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ។ នេះបើតាម លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ២០៖៤០នាទី នៅក្នុងភោជនីយដ្ឋានទឹកធ្លាក់ លើឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។

លោកស្នងការបានឲ្យដឹងថា ក្រុមជនសង្ស័យ ០១ក្រុម បានផឹកស៉ីឈ្លោះប្រកែកគ្នា រហូតធ្វើសកម្មភាពចាក់លើជនរងគ្រោះឈ្មោះ ធី សុធា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិនាងគង្ហឹង សង្កាត់សំបូមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម រងរបួសធ្ងន់ចំនួន ០២កន្លែង។ ជនរងគ្រោះ បានស្លាប់តាមផ្លូវពេលដឹកទៅសង្គ្រោះ។

ក្រោយកេីតហេតុ នៅម៉ោង ២៣៖០០នាទី កម្លាំងសមត្ថកិច្ច បានឃាត់ក្រុមជនសង្ស័យចំនួន ០៧នាក់ ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរ និងចាត់ការតាមនីតិវិធី៕