(ភ្នំពេញ)៖ ស្បៀងអាហារ គ្រឿងបរិក្ខារ សម្ភារ (អាវ ភួយ ផាហ៊ុម) និងថវិការបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ជាមួយសប្បុរសជននានា មួយចំនួនធំ ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ហូ ស៉ីវយ៉ុង ប្រធានផ្នែកគ្រប់គ្រងនិស្សិត (អ.ម.ត) សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋរងគ្រោះព្រោះភ្លើងឆេះផ្ទះអស់ ចំនួន១៧៧គ្រួសារ ស្ថិតនៅអតីតផ្លូវរថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ។

កម្មវិធីមនុស្សធម៌ខាងលើនេះ ក្រៅពីការដឹកនាំដោយលោក ជា ពិសី និងលោក ហូ ស៉ីវយ៉ុង តំណាងលោក ហ៊ុន ម៉ាណែត និងភរិយាលោកស្រី ពេជ ចន្ទមុន្នី ក៏មានការនិមន្ដអញ្ជើញចូលរួមពីព្រះសង្ឃ, លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ, លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ, និងអស់លោក-លោកស្រី ជាសប្បុរសជននានា ព្រមទាំងអាជ្ញាធរសង្កាត់-ភូមិ យុវជន (អ.ម.ត) និងយុវជន (ស.ស.យ.ក) មួយចំនួនទៀត។

ក្នុងនាមអភិបាលខណ្ឌ លោក ជា ពិសី និងលោក ហូ ស៉ីវយ៉ុង ក៏បានជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ កុំតូចចិត្ត កុំអស់សង្ឃឹម ហើយត្រូវមានក្ដីសង្ឃឹមជានិច្ច ក្នុងការថែទាំសុខភាពឲ្យបានល្អប្រសើរ ដោយក្នុងនោះត្រូវរស់នៅស្អាត និងពិសារស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ ក្នុងការតស៊ូក្នុងជីវភាពរស់នៅ ស្ថិតក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនឲ្យប្រជាពលរដ្ឋស្លាប់ និងអត់បាយឡើយ។

បន្ទាប់មកលោក ជា ពិសី និងលោក ហូ ស៉ីវយ៉ុង ក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះទាំងអស់ ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស និស្សិតអាហារូបករណ៍ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលហៅកាត់ថា (អ.ម.ត) និងភរិយាលោកស្រី ពេជ ចន្ទមុន្នីផងដែរ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យឆាបឆះផ្ទះ មានចំនួន១៧៧គ្រួសារ ក្នុងនោះមានម្ចាស់ផ្ទះជួល១៥គ្រួសារ និងអ្នកជួលបន្ទប់១៦២គ្រួសារ បានទទួលការឧបត្ថម្ភជាថវិកា ចំនួន៣,៧៥០,០០០រៀល របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ ដោយឡែក ក្រោមការឧបត្ថម្ភរបស់សប្បុរសជននានា មានចំនួន២,៣០០ដុល្លារ និង១,២០០,០០០រៀល និងមានជាគ្រឿងបរិក្ខារ សម្ភារប្រើប្រាស់ដូចជា (អាវ៥០ ភួយ១៧៧កញ្ចប់ ផាហ៊ុម១០) អង្ករ ១៥កញ្ចប់ និងទឹកដោះគោ ១៥កញ្ចប់៕