(ភ្នំពេញ)៖ សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AIS ២នាក់វាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភ័ក្រ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅជួបជាមួយជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ ព្រោះពួកគេមានទំនាស់ជាមួយគ្នា រឿងហៅអា។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីជួបគ្នាជនសង្ស័យបានវាយជនរងគ្រោះមួយដៃចំកណ្ដាលដើមទ្រូង ធ្វើឲ្យជនរងគ្រោះដួលម៉ូតូ ហើយភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង។ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភ័ក្រ្ដ ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្ដែគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ហើយ។

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ សំ សន្ធិវង្ស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដោយឡែក ជនសង្ស័យឈ្មោះ នី លីស៊ាង ជាសិស្សរៀននៅសាលា AIS ដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

យ៉ាងណាក៏ដោយ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗផងដែរ ក្រោយបង្កហេតុ ខណៈសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់ ទើបប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕