(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី និងអភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ព្រមទាំងនាំយកថវិកាចែកជូនដល់សិស្សានុសិស្សដែលដួលសន្លប់ទាំង៤១នាក់ នៅវិទ្យាល័យក្រូចឆ្មារ ដើម្បីសម្រួលដល់ការហូបចុក និងតម្រូវការផ្សេងៗ ដែលជាការយកចិត្តទុកដាក់បំផុតពីសំណាក់ថ្នាក់ដឹកនាំខេត្ត មានចំពោះពលរដ្ឋគ្រប់រូប។

លោក អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំសិក្សា ធ្វើជាកូនល្អ សិស្សល្អ មិត្តភក្តិល្អ ដើម្បីអនាគតល្អ សាកសមជាទំពាំងស្នងឫស្សីប្រទេសជាតិ ពិសេសអាជ្ញាធរ ស្រុក ឃុំ ភូមិ លោកគ្រូ និងអ្នកគ្រូពេទ្យ ត្រូវបន្តការតាមដាន និងព្យាបាលឲ្យបានទាន់ពេលវេលា ហើយបើមានបញ្ហាអី្វកើតឡើងត្រូវរាយការណ៍ជូនខេត្តភ្លាម ដើម្បីមានចំណាត់ការ ។

សូមជម្រាបថា កាលពីថ្ងៃទី១៧ ខែមករា ចាប់ពីម៉ោង ១ ដល់ ៣រសៀល មានសិស្សនៅវិទ្យាល័យក្រូចឆ្មារចំនួន ១២នាក់ (ស្រី១២នាក់) ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោងព្រឹក មានសិស្ស ២៨នាក់ (ស្រី ១៧នាក់) និងពីអនុវិទ្យាល័យក្រូចឆ្មារចំនួនម្នាក់ សរុបចំនួន ៤១នាក់ (ស្រី៤០នាក់) បានដួលសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ភ្លាមៗក្រោយទទួលដំណឹង លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យអាជ្ញាធរ មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ចុះអន្ត្រាគមន៍ គឺមិនមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

បើតាមការសន្និដ្ឋានពីការក្រុមគ្រូពេទ្យ សិស្សដួលសន្លប់មកពីកត្តាសុខភាព៖ សិស្សខ្សោយ អាហារមិនទៀងទាត់ ខិតខំសិកស្សាពេកសម្រាកមិនគ្រប់គ្រាន់ ក្នុងនោះចំណោម ៤១នាក់ អ្នកជំងឺខ្វះជាតិស្ករ ៥ករណី ខ្វះជាតិកាល់ស្យូម ៣ករណី ក្រៅពីនេះពាក់ព័ន្ធអារម្មណ៍តក់ស្លុត ក្រោយពេលឃើញមិត្តភក្តិដួលសន្លប់។