(កំពង់ចាម)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នេះបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវលំក្រាលគ្រួសក្រហមចំនួន៦គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលមានប្រជាពលរដ្ន ចូលរួមប្រមាណជិត៤ពាន់នាក់។

ការជួសជុសផ្លូវជូនប្រជាពលរដ្ឋនេះ គឺដើម្បីបន្ដការអភិវឌ្ឍភូមិឃុំ ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងដឹកកសិផល ដែលប្រមូលផលរួច យកទៅលក់នៅតាមទីផ្សារឱ្យកាន់តែបានល្អប្រសើរឡើងមួយកម្រិតទៀត។

ជាពិសេស ក្រុមការងារយុវជនស្រុកជើងព្រៃ ដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត បានបំពេញគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ ជាបន្ដបន្ទាប់ មិនថាផ្លូវថ្នល់ ទឹកប្រើប្រាស់ និងជួយសម្រាលការលំបាករបស់ពលរដ្ឋភ្លាមៗពេលជួបនូវគ្រោះមហន្ដរាយនានា ដូចជា កង្វះទឹក ទឹកជំនន់ និងខ្យល់កន្ដ្រាក់នានា។

លើសពីនោះ ដើម្បីចូលរួមការពារ និងលើកកម្ពស់សោភណ្ឌភាពបរិស្ថាននៅតាមដងផ្លូវ ក្រុមការងារយុវជនស្រុកជើងព្រៃ ដែលដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា បានដាំដើមក្ងោក អមតាមសងខាងផ្លូវនេះ ឱ្យមានភាពស្រស់ស្អាតជាមួយធម្មជាតិពណ៌បៃតង និងផ្កាក្រហមឆ្អិនឆ្អៅ ជាពិសេស ជួយកាត់បន្ថយកំដៅពេលប្រជាពលរដ្ឋធ្វើដំណើតាមផ្លូវផងដែរ។

ជាងនេះទៅទៀត «ការដាំដើមឈើនេះ នឹងចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងចូលរួមបំផុសនូវការស្រលាញ់ធម្មជាតិ ហើយយើងនឹងបន្ដអភិវឌ្ឍភូមិឃុំ នៅក្នុងស្រុកជើងព្រៃឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ដោយធ្វើយ៉ាងណាជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋយើងឱ្យកាន់តែបានធូរធារ»។ នេះបើតាមការបញ្ជាក់របស់ លោកបណ្ឌិត ម៉ឹង មករា។

សូមជម្រាបថា ការជួសជុល និងពង្រីកផ្លូវក្រាលគ្រួសក្រហមប្រវែង ៦,០០០ម៉ែត្រ នៅលើផ្លូវចាស់មានទទឹង ៣,៥ម៉ែត្រ មានសភាពតូចចង្អៀត និងលិចទឹកនៅរដូវវស្សា ឥឡូវនេះត្រូវបានពង្រីកទទឹង៦ម៉ែត្រ ព្រមទាំងលើកកម្ពស់តួរផ្លូវ និងដាក់លូកាត់ទទឹងផ្លូវបានចំនួន១២កន្លែង។

សម្រាប់ផ្លូវនេះ ប្រជាជនចំនួន៥ភូមិ (ភូមិពង្រ ភូមិប្រតេន ភូមិទម្ពរ ភូមិត្នោតបាក់ និងភូមិអរក្ស) សរុបប្រមាណ ៧០០គ្រួសារ និងពលរដ្ឋផ្សេងទៀតឆ្លងកាត់ នឹងទទួលបានទាំងភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកដំណាំកសិផលប្រចាំថ្ងៃផងដែរ៕