(ភ្នំពេញ)៖ Grab (ហ្គ្រេប) ដែលជាកម្មវិធីហៅយាន្តជំនិះលើទូរស័ព្ទដៃឈាន មុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បានប្រកាសដាក់ឲ្យដំណើរការគំនិតផ្ដួចផ្ដើមចំនួនពីរក្នុងប្រទេសកម្ពុជា ក្រោមកម្មវិធីទំនួលខុសត្រូវសង្គមឈ្មោះថា «Grab for Good» ដែលជាការប្ដេជ្ញាចិត្តដ៏ធំសម្បើមមួយ ដើម្បីផ្ដល់ផលវិជ្ជមានដល់សង្គម និងសេដ្ឋកិច្ចតាមរយៈបច្ចេកវិទ្យា។

ពិធីប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, លោក អ៊ុង សម្បត្តិ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក Russel Cohen ប្រធានផ្នែកប្រតិបត្តិការប្រចាំតំបន់Grab លោក Nick Beresford អ្នកតំណាងប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP។

លោក Hashim Alkaff នាយកក្រុមហ៊ុន Grab ប្រចាំកម្ពុជាបានឱ្យដឹងថា ក្រុមហ៊ុន Grab ប្តេជ្ញាលើកកម្ពស់ការពង្រឹងប្រព័ន្ធឌីជីថលឲ្យមានភាពងាយស្រួល និងការទំនាក់ទំនងសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់។ ការដាក់ឲ្យដំណើរការគំនិតផ្តួចផ្តើមចំនួន២ ដោយប្រើប្រាស់ផលិតផល និងសេវាបច្ចេកវិទ្យារបស់យើង គឺចង់ឱ្យមនុស្សគ្រប់គ្នាដោយមិនគិតពីសាវតា ឬសមត្ថភាព ដើម្បីមានលទ្ធភាពទទួលបានឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងមានសន្តិភាពផ្លូវចិត្តនៅពេលពួកគេប្រើ ប្រាស់ផលិតផល និងសេវារបស់យើង។

Grab នៅកម្ពុជា នឹងធ្វើការជាមួយអង្គការកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ (DDP) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅកម្ពុជាដើម្បីស្វែងយល់បន្ថែម អនុវត្តនិងតស៊ូមតិ ដើម្បីអនុវត្តឲ្យកាន់តែប្រសើរ ដើម្បីគាំទ្រដល់ក្រុមជនពិការហើយកម្មវិធីទាំងនេះរួមបញ្ចូលទាំងការផ្ញើសារភ្លាមៗ ដើម្បីប្រាប់អ្នកដំណើរថា ដៃគូបើកបររបស់គាត់គឺជាមនុស្សថ្លង់ ហើយណែនាំពួកគេឱ្យប្រើប្រាស់កម្មវិធី GrabChat និងសន្លឹកកាតទំនាក់ទំនងដែលមានស្រាប់ក្នុងយានយន្ត។ Grab ក៏នឹងចាប់ផ្តើមយុទ្ធនាការអប់រំសាធារណៈ និងកម្មវិធីការបណ្តុះបណ្តាលបន្ថែម និងផ្ដល់សម្ភារៈសម្រាប់ដៃគូបើកបរដែលជាមនុស្សថ្លង់។

លោក Hashim Alkaff បានកត់សំគាល់ថា សុវត្ថិភាព និងសន្តិសុខគ្រប់ទម្រង់ទាំងអស់ត្រូវបាន ផ្សារភ្ជាប់ទៅក្នុង DNA របស់ក្រុម Grab ដោយសារតែយើងពង្រីកបណ្តាញរបស់យើងពាសពេញក្នុងតំបន់ រួមទាំងនៅកម្ពុជាផងដែរ យើងដឹងច្បាស់ថាដៃគូបើកបររបស់យើងអាចមិនដឹងអំពីការទាក់ទង រវាងអ្នកជួញដូរ និងជនរងគ្រោះនៅតាមព្រលានយន្តហោះ ស្ថានីយរថភ្លើង ឬស្ថានីយឡានក្រុងនោះទេ។

នេះជាមូលហេតុដែលយើងមានកាប្ដេជ្ញាយ៉ាងរឹងមាំក្នុងភាពជាដៃគូដ៏សកម្មជាមួយអង្គការ Liberty Shared និងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារ ដើម្បីស្វែងរកដោះស្រាយ និងបង្វឹកដៃគូបើកបរឱ្យចេះវាយតម្លៃសកម្មភាព សង្ស័យ និងឆ្លើយតបឱ្យបានត្រឹមត្រូវ។

លោក គង់ សុវណ្ណឡី ដៃគូបើកបរ Grab ដែលជាមនុស្សថ្លង់បានបញ្ជាក់ថា "ដំបូងខ្ញុំមានការព្រួយបារម្ភ ក្នុងការធ្វើជាដៃគូបើកបរ Grab ពីព្រោះរ៉ឺម៉កកង់បីថ្លៃណាស់ ហើយខ្ញុំមិនប្រាកដថាខ្ញុំអាចមានលទ្ធភាពបង់រំលស់ ប្រចាំខែបានទេ។ តែទោះយ៉ាងណាដ៏ដោយ ខ្ញុំទទួលបានការលើកទឹកចិត្តពីក្រុមគ្រួសារ និងមិត្តភក្តិឱ្យចុះឈ្មោះធ្វើជាដៃគូបើករ៉ឺម៉កកង់បីជាមួយ Grab។ ឥឡូវនេះខ្ញុំសប្បាយចិត្តនឹងប្រាក់ចំណូលដែលខ្ញុំយកមកផ្ទះ ហើយក៏អាចឲ្យខ្ញុំរ៉ាប់រងបង់ថ្លៃរ៉ឺម៉កប្រចាំខែរបស់ខ្ញុំបានផងដែរ"។

កម្មវិធីប្រឆាំងការជួញដូរមនុស្ស ប្រយុទ្ធប្រឆាំងអំពើហឹង្សានៅកម្ពុជា គឺជាគំនិតផ្តួចផ្តើមធំទី២ ប្រកាសដោយក្រុមហ៊ុន Grabកម្ពុជា គឺកម្មវិធីបណ្តុះបណ្តាលសម្រាប់ដៃគូបើកបរ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្ស។ ក្នុងភាពជាដៃគូជាមួយអង្គការប្រឆាំងការជួញដូរមនុស្សដូចជា អង្គការ Liberty Shared Cambodia និងអង្គការបណ្តាញទូរស័ព្ទជំនួយកុមារនៅកម្ពុជា Grab នឹងធ្វើការបណ្តុះបណ្តាលតាមអ៊ីនធឺណិត តាមរយៈកម្មវិធីក្នុងទូរស័ព្ទចល័ត និងការបណ្តុះបណ្តាលផ្ទាល់ក្នុងថ្នាក់រៀនដល់ដៃគូបើកបរចំនួន ១០,០០០នាក់ក្នុងខែមិថុនា ឆ្នាំ ២០២០ ។

លោក ស៊ាន សុខផៃ នាយកប្រតិបត្តិបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា បានឱ្យដឹងដែរថា លោកពិតជាចាប់អារម្មណ៍ខ្លាំងចំពោះយុទ្ធសាស្រ្តការងារដែលក្រុមហ៊ុនGrab ដាក់ចេញដើម្បីបណ្តុះបណ្តាល និងលើកទឹកចិត្តដល់ដៃគូបើកបររបស់ខ្លួនឲ្យរាយការណ៍អំពីសញ្ញាណាមួយអំពី ការជួញដូរ ការកេងប្រវ័ញ្ច និងការរំលោភបំពាន។

ក្រុមការងារអង្គការបណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាទន្ទឹងរង់ចាំសហការជាមួយក្រុមហ៊ុន Grab ហើយក៏បានដាក់ឲ្យដំណើរការបណ្តាញទូរស័ព្ទឥតគិតថ្លៃជាប្រចាំ(២៤/២៤ម៉ោង) អាចចូលរួមការហៅទូរស័ព្ទ ឬទទួលរបាយការណ៍ពីដៃគូអ្នកបើកបរផងដែរ។

ទន្ទឹមនឹងនេះនឹងចំណាយពេលវេលា និងការខិតខំបន្ថែមទៀតដើម្បីធានាថា ដៃគូបើកបរទាំងអស់ទទួលបានការបណ្តុះបណ្តាលឱ្យបានគ្រប់គ្រាន់ ដើម្បីចេះវាយតម្លៃ និងរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យណាមួយ។

លោក Nick Beresford អ្នកតំណាង UNDP បានឱ្យដឹងដែរថា អង្គការ UNDP មានមោទកភាពក្នុង ការធ្វើការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Grab ក្នុងគម្រោង SUMAI (សម័យ) របស់យើង ក្នុងគោលបំណងធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនឲ្យកាន់តែមានសុវត្ថិភាព និងកាន់តែបៃតងសម្រាប់ប្រជាពលរដ្ឋ កម្ពុជាទាំងអស់។

ជាលើកដំបូងនៅកម្ពុជា យើងកំពុងតែពិនិត្យមើលប្រព័ន្ធទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍។ ដោយទទួលបានការយល់ដឹងអំពីបញ្ហាកាន់តែប្រសើរឡើង ដែលយើងអាចរៀបចំគោលនយោបាយ និងកម្មវិធីដែលមានប្រសិទ្ធិភាពបន្ថែមទៀតក្នុងការសង្គ្រោះជីវិត និងការពារអ្នកប្រើប្រាស់ផ្លូវគោកឲ្យល្អប្រសើរជាងមុន។ យើងចង់ឃើញប្រព័ន្ធដឹកជញ្ជូនផ្ដល់សុវត្តិភាពសម្រាប់មនុស្សគ្រប់គ្នា ហើយត្រៀមខ្លួនរួចរាល់ដើម្បី បង្ហាញដំណោះស្រាយការងារល្អៗ សម្រាប់ទាំងអ្នកដំណើរ និងអ្នកបើកបរជាជនពិការផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនានាពីក្រុមហ៊ុន Grab និងបានអំពាវនាវឲ្យក្រុមហ៊ុនជាច្រើនផ្សេងទៀត អនុវត្តតាមការដឹកនាំរបស់ក្រុមហ៊ុន Grab ផងដែរ។

លោកថារាជរដ្ឋាភិបាលកម្ពុជា តែងតែកោតសរសើរ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ហើយក្រុមហ៊ុន Grab បានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីទំនួលខុសត្រូវសង្គម តាមរយៈការដាក់ឲ្យដំណើរការកម្មវិធីនាថ្ងៃនេះជាលើកដំបូងនៅកម្ពុជា ហើយក៏ជាកម្មវិធីដំបូងបង្អស់នៅកម្ពុជាក្នុងចំណោមទីផ្សារផ្សេងទៀត ដែលមានកម្មវិធីបញ្ចប់ភាពស្ងៀមស្ងាត់ ដែលជាកម្មវិធីរបស់ Grab សម្រាប់អ្នកគថ្លង់ ដើម្បីស្វែងរកប្រាក់ចំណូល និងកម្មវិធីប្រឆាំងការជួញ ដូរមនុស្សនេះផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូនមានភាពជាដៃគូដ៏រឹងមាំជាមួយក្រុមហ៊ុន Grab តាមរយៈគម្រោង SUMAI ដែលមានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ជាសហដៃគូនិងក៏ទន្ទឹងរង់ចាំសហការលើកម្មវិធីផ្សេងៗ ទៀតដែលផ្ដល់អត្ថន័យដល់សង្គមកាន់តែច្រើនពីក្រុមហ៊ុន Grab នាពេលអនាគតផងដែរ៕